(ឡុងដ៍)៖ ការបំផ្ទុះគ្រាប់បែកនៅយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងទីក្រុងធំបំផុតលំដាប់ទីពីររបស់ចក្រភពអង់គ្លេសគឺ Manchester បានបង្កឲ្យពិភពលោកទាំងមូលមានភាពតក់ស្លុតជាខ្លាំង ហើយភាពចលាចលដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្រុកចូលបំផ្ទុះខ្លួនក្នុងហ្វូងមនុស្សម្នា ដែលបានបណ្តាលឲ្យមនុស្សរហូតដល់ ២២នាក់ស្លាប់ និង៥៩នាក់រងរបួស។ ទីបំផុតទង្វើនេះត្រូវបានក្រុមរដ្ឋអ៉ីស្លាមឧទ្ធាម ISIS ចេញមកប្រកាសថា ខ្លួនជាអ្នករៀបចំវាយប្រហារភេរវកម្មដ៏កក្រើកនេះ។ នេះបើតាមការសរុបព្រឹត្តិការណ៍ចុងក្រោយនាល្ងាចថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងក្រោយការបំផ្ទុះគ្រាប់បែកដ៏កក្រើក៖
* តួលេខចុងក្រោយរហូតមកទល់ល្ងាចថ្ងៃអង្គារនេះ គឺមនុស្សចំនួន ២២នាក់ស្លាប់ (មួយចំនួនជាកុមារ) និង៥៩នាក់រងរបួស (ក្នុងនោះមួយចំនួនរងរបួសធ្ងន់ធ្ងរ)។
* តារាចម្រៀងប៉ុបដ៏ល្បីល្បាញរបស់អាមេរិកនាង Ariana Grande ក៏ស្ថិតនៅក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកលើការប្រគុំតន្ត្រីនោះដែរ ប៉ុន្តែនាងត្រូវបានជម្លៀសចេញ នឹងមានសុវត្ថិភាព ពីកន្លែងប្រគុំតន្រី្តដែលមានសមត្ថភាព ផ្ទុកអ្នកចូលរួមបានដល់ទៅ ២១,០០០នាក់នេះ ក៏ប៉ុន្តែមានការចុះផ្សាយរូបភាពចរចាមអារ៉ាមតាមបណ្តាញសង្គមនានាថា នាង Ariana ក៏បានទទួលរងរបួសផងដែរ។
* សាក្សីក្នុងហេតុការណ៍មួយរូប បានប្រាប់សារព័ត៌មានអង់គ្លេសថា «វាប្រៀបបីដូចជាសង្គ្រាមដ៏ក្តៅគគុកដូច្នោះឯង ដោយខ្ញុំបានរត់ប្រជ្រៀតគ្នា គេចពីគ្រោះថ្នាក់ទាំងខ្លួនប្រឡាក់ឈាម» ក្រោយពីមនុស្សប្រុសម្នាក់បង្កៃគ្រាប់បែកចុចបំផ្ទុះខ្លួនឯងក្នុងហ្វូងមនុស្សម្នា ដែលមានក្មេងៗជាច្រើនចូលរួមមើលការប្រគុំតន្ត្រី Manchester Arena នាវេលាម៉ោង ១០៖៣៥នាទីយប់ថ្ងៃចន្ទ ជាម៉ោងចប់កម្មវិធី និងមនុស្សជាច្រើននាំគ្នាចាកចេញពីកន្លែងប្រគុំតន្ត្រី។
* មេដឹកនាំកំពូលៗនៃស្ថាប័ន និងមហាអំណាចពិភពលោកដូចជា អគ្គលេខាធិការយូអិន និងមេដឹកនាំ សហរដ្ឋអាមេរិក ចិន បណ្តាប្រទេសអឺរ៉ុប សិង្ហបុរី កាណាដា អូស្ត្រាលី ព្រមទាំងបណ្តាប្រទេសជាមិត្តអង់គ្លេសជាច្រើនទៀតលើលោក បានចូលរួមសម្តែងសមានទុក្ខ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើភេរវកម្មដែលបានសម្លាប់ និងបង្ករបួសស្នាមដល់មនុស្សជាង ៨០នាក់។
* មានវត្ថុដ៏គួរឲ្យសង្ស័យមួយទៀត ដែលពីដំបូងឡើយត្រូវបានគេសង្ស័យថា អាចជាគ្រាប់បែកទីពីរ ប៉ុន្តែតាមពិតទៅត្រូវបានក្រុមប៉ូលិសអះអាងបញ្ជាក់វិញថា គ្រាន់តែជាសំលៀកបំពាក់បោះបង់ចោលតែប៉ុណ្ណោះ ខណៈមុខព្រួញនៃការសង្ស័យចំពោះអ្នក ដែលបានបង្កសោកនាដកម្មនេះ គឺក្រុមរដ្ឋអ៊ីស្លាម ISIS តែម្តង។
* នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានចេញមុខថ្កោលទោសយ៉ាងខ្លំាងចំពោះការវាយប្រហារដ៏អាក្រក់នេះដែរ មិនតែប៉ុណ្ណោះលោកស្រីក៏បានលុបចោល ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជាបណ្ដោះអាសន្នទៀតផងដែរ។
* នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានថ្លែងថា អាជ្ញាធរប៉ូលិសអង់គ្លេសកំពុងស៊ើបអង្កេតរកឲ្យឃើញថា តើការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងការប្រគុំតន្ត្រីនៅទីក្រុង Manchester ត្រូវបានបង្កឡើងដោយជនតែម្នាក់ ឬមានក្រុមភេរវករល្បីឈ្មោះណាមួយនៅពីក្រោយខ្នង (សំដៅលើ ISIS)។
* លោកស្រី May នឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីកន្លែងកើតហេតុ គឺទីក្រុង Manchester ដើម្បីជួបមន្ត្រីពាក់ព័ន្ធ និងពិនិត្យមើលស្ថានភាពជាក់ស្តែង ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើប៉ូលិសរកឃើញក្រុម ឬជនណាមួយដែលស្ថិតនៅពីក្រោយរឿងនេះ ពួកគេនឹងត្រូវយកទៅកាត់ទោសទៅតាមច្បាប់ជាក់ជាមិនខាន។
* លោក ដូណាល់ ត្រាំ មេដឹកនាំអាមេរិក បានថ្លែងពីតំបន់ West Bank អំឡុងពេលលោកកំពុងបំពេញទស្សនកិច្ចអ៊ីស្រាអែល-ប៉ាឡេស្ទីនថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Manchester របស់អង់គ្លេសគឺជា «ជនបរាជ័យដ៏អាក្រក់ជាទីបំផុត»។
* យោងតាមព័ត៌មានថ្មីចុងក្រោយនេះ បានឲ្យដឹងថា ប៉ូលិសអង់គ្លេសចាប់ខ្លួនបុរសម្នាក់វ័យ២៣ឆ្នាំ សង្ស័យពាក់ព័ន្ធអំពើភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតដ៏កក្រើកលើការប្រគុំតន្ត្រី នាទីក្រុង Manchester ដែលបណ្តាលឲ្យមនុស្សរហូតដល់ ២២នាក់ស្លាប់ និង៥៩នាក់រងរបួសនេះ។ ហើយនៅទីបំផុតក្រុមរដ្ឋអ៉ីស្លាមឧទ្ធាម ISIS ចេញមកប្រកាសថា ខ្លួនជាអ្នករៀបចំវាយប្រហារភេរវកម្មដ៏កក្រើកលើការប្រគុំតន្ត្រី នាទីក្រុង Manchester ប្រទេសអង់គ្លេស៕