(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មានការវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅកន្លែងប្រគំតន្រ្តី Manchester Arena នៃទីក្រុង Manchester របស់ចក្រភពអង់គ្លេស បានបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ ដែលភាគច្រើនក្នុងចំណោមនោះសុទ្ធតែជាកុមារ និងមនុស្សចំនួន៥៩នាក់រងរបួសធ្ងន់ស្រាល។
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាជាតិរហូតដល់ទៅ៤.១ពាន់ពាន់លានដុល្លារ ដោយផ្ដោតសំខាន់លើការចំណាយលើវិស័យយោធា។
៣៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ទីបំផុតត្រូវបាននាំចូលតុលាការជាលើកដំបូង ដែលដៃទាំងពីរជាប់ខ្នោះ។
៤៖ អន្តរជាតិព្រមាន ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ខណៈ UNSC ទើបប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបាញ់តេស្តមីស៊ីលសប្តាហ៍មុននេះ។
៥៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ធ្វើដំណើរដល់ប្រទេសរុស្ស៊ីហើយ និងកំពុងត្រៀមជួបមេដឹកនាំកំពូលៗទីក្រុងម៉ូស្គូ។
៦៖ គ្រាប់រ៉ុក្កែតមួយគ្រាប់ ធ្លាក់ចំភាគខាងត្បូងអ៊ីស្រាអែល ខណៈលោក ដូណាល់ ត្រាំ កំពុងបំពេញដំណើរទស្សនកិច្ច។
៧៖ ប្រព័ន្ធកុំព្យូទ័រនៃស្ថានីយ៍អវកាសអន្តរជាតិ គាំងដំណើរការ បង្ខំឲ្យអវកាសយានិកផ្សងគ្រោះថ្នាក់ ចេញមកក្រៅដើម្បីធ្វើការជួសជុល៕