(អង់គ្លេស)៖ លោក ដូណាល់ ត្រាំ មេដឹកនាំអាមេរិក បានថ្លែងពីតំបន់ West Bank អំឡុងពេលលោកកំពុងបំពេញទស្សនកិច្ច-ប៉ាឡេស្ទីនថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Manchester របស់អង់គ្លេសគឺជា «ជនបរាជ័យដ៏អាក្រក់ជាទីបំផុត» ខណៈអំពើកាលពីយប់ថ្ងៃចន្ទនោះ បានសម្លាប់មនុស្សក្មេងចាស់ប្រុសស្រី ២២នាក់ និងបង្ករបួសរហូតដល់ ៥៩នាក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
លោក ត្រាំ បានថ្លែងពីទីក្រុង Bethlehem របស់ West Bank យ៉ាងដូច្នេះថា «ខ្ញុំមិនហៅពួកគេថាជា ពួកបិសាចនោះទេ ពីព្រោះពួកចង់បានបែបនោះទៅហើយ។ ខ្ញុំនឹងហៅពួកគេថា ជាពួកបរាជ័យដ៏អាក្រក់បំផុតវិញ»។ មេដឹកនាំកំពូលៗនៃស្ថាប័ន និងមហាអំណាចពិភពលោកដូចជា អគ្គលេខាធិការយូអិន និងមេដឹកនាំ សហរដ្ឋអាមេរិក ចិន បណ្តាប្រទេសអឺរ៉ុប សិង្ហបុរី កាណាដា អូស្ត្រាលី ព្រមទាំងបណ្តាប្រទេសជាមិត្តអង់គ្លេសជាច្រើនទៀតលើលោក បានចូលរួមសម្តែងសមានទុក្ខ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើភេរវកម្មដ៏ខ្មៅងងឹតនេះ។
គួរបញ្ជាក់តាមនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានថ្លែងថា អាជ្ញាធរប៉ូលិសអង់គ្លេសកំពុងស៊ើបអង្កេតរកឲ្យឃើញថា តើការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងការប្រគុំតន្ត្រីនៅទីក្រុង Manchester ត្រូវបានបង្កឡើងដោយជនតែម្នាក់ ឬមានក្រុមភេរវករល្បីឈ្មោះណាមួយនៅពីក្រោយខ្នង (សំដៅលើ ISIS) ខណៈលោកស្រី នឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីកន្លែងកើតហេតុ ដើម្បីជួបមន្ត្រីពាក់ព័ន្ធ និងពិនិត្យមើលស្ថានភាពជាក់ស្តែង៕