(អង់គ្លេស)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានថ្លែងថា អាជ្ញាធរប៉ូលិសអង់គ្លេសកំពុងស៊ើបអង្កេតរកឲ្យឃើញថា តើការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងការប្រគុំតន្ត្រីនៅទីក្រុង Manchester ត្រូវបានបង្កឡើងដោយជនតែម្នាក់ ឬមានក្រុមភេរវករល្បីឈ្មោះណាមួយនៅពីក្រោយខ្នង (សំដៅលើ ISIS) ខណៈលោកស្រី នឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីកន្លែងកើតហេតុ ដើម្បីជួបមន្ត្រីពាក់ព័ន្ធ និងពិនិត្យមើលស្ថានភាពជាក់ស្តែង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៊ី RT នាល្ងាចថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅលើវេទិកានៃវិថី Downing ក្នុងទីក្រុងឡុងដ៍ លោកស្រី May អះអាងថា ការវាយប្រហារខាងលើនេះ ពិតជា «អំពើគ្រោងទុកជាមុន» ដែលចក្រភពអង់គ្លេសទាំងមូល មិនធ្លាប់ដែលបានជួបប្រទះនោះឡើយ នូវភាពធ្ងន់ធ្ងរបែបនេះ។ ការវាយប្រហារត្រូវបានធ្វើឡើង ទៅលើការប្រគុំតន្ត្រីដ៏ពេញនិយមរបស់កំពូលតារាប៉ុបអាមេរិក នាង Ariana Grande នៅពេលម៉ោងជិតបញ្ចប់ ដែលមនុស្សម្នាទាំងចាស់ទាំងក្មេង ចាប់ផ្តើមចាកចេញពីកន្លែងប្រគុំតន្ត្រីវិញ ហើយក៏ត្រូវបានជនបង្កចូលទៅបំផ្ទុះខ្លួនឯង នៅត្រង់ច្រកចេញពីកន្លែងប្រគុំតន្ត្រី បណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រីស្លាប់ ២២នាក់ និងរបួសយ៉ាងដំណំ ៥៩នាក់តែម្តង។
បន្ថែមពីការអះអាងខាងលើនេះទៀត នាយករដ្ឋមន្ត្រីអង់គ្លេសបានសង្កត់ធ្ងន់ថា ប្រសិនបើអង់គ្លេសរកឃើញក្រុម ឬជនណាមួយដែលស្ថិតនៅពីក្រោយរឿងនេះ ពួកគេនឹងត្រូវយកទៅកាត់ទោសទៅតាមច្បាប់ជាក់ជាមិនខាន។ រឿងសំខាន់មួយទៀត គឺយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី May ត្រូវបានប្រកាសលុបចោលផងដែរ ខណៈដែលផ្នែកសន្តិសុខជាតិវិញ លោកស្រី May បាននិយាយបែបព្រមានថា ការគំរាមកំហែងដោយអំពើភេរវកម្មក្នុងចក្រភពនេះ គឺស្ថិតនៅក្នុងកម្រិតខ្ពស់ណាស់ ប៉ុន្តែអង់គ្លេសនឹងទប់ទល់ឲ្យបាន៕