(ឡុងដ៍)៖ ឯកសារបែកធ្លាយមួយបានឱ្យដឹងថា ករណីបង្ហោះរូបភាព ឬវីដេអូអាសអាភាស និងការរំលោភបំពានផ្លូវភេទនៅលើបណ្ដាញទំនាក់ ទំនងសង្គម Facebook មានដល់ទៅ ៥៤,០០០ករណី ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅរសៀលថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរតួលេខខាងលើបានបង្ហាញទៀតថា កាលពីខែមករាក្រុមហ៊ុន Facebook បានបិទគណនីអ្នកប្រើប្រាស់ជិត ១៤,០០០នាក់ ពាក់ព័ន្ធនឹងករណីរំលោភបំពានផ្លូវភេទ នៅលើប្រព័ន្ធអ៊ីនធើណែត ហើយក្នុងនោះមាន ៣៣ករណីបានកើតឡើងនៅលើកុមារ។ ចំណែកឯ Facebook ក៏បានជំរុញផងដែរ ឱ្យអ្នកប្រើប្រាស់រាយការណ៍ពីករណីរំលោភផ្លូវភេទ ដើម្បីចូលរួមទប់ស្កាត់បញ្ហានេះ កុំឱ្យរីករាលដាលកាន់តែខ្លាំង។
គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook បានទទួលស្គាល់ថា គោលការណ៍ទប់ស្កាត់ករណីរំលោភបំពានផ្លូវភេទ គឺជាអាទិភាពរបស់ខ្លួន គឺត្រូវអនុវត្តន៍សំដៅទប់ស្កាត់ការបង្ហោះរូបភាព ឬវីដេអូអាសអាភាសនៅលើ Facebook។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានការចោទប្រកាន់ដែរថា Facebook គឺជាអ្នកបណ្ដាយឱ្យរឿងបែបនេះកើតឡើង ហើយ Facebook ក៏មិនទាន់ធ្វើអត្ថាធិប្បាយ ចំពោះឯកសារលេចធ្លាយនេះនៅឡើយដែរ៕