(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែលនៅថ្ងៃអង្គារនេះបាននិយាយថា ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ឧបទ្វីបស៊ីណៃ បានបាញ់គ្រាប់រ៉ុក្កែតមួយ គ្រាប់ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែលទំាងព្រឹក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញដំណើរទស្សនកិច្ចថ្ងៃទី០២ ក្នុងដែនដីប្រទេសមជ្ឈបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «នៅម៉ោងប្រមាណជា ៨៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) មានគ្រាប់រ៉ុក្កែតមួយគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ឧបទ្វីបស៊ីណៃ ឆ្ពោះមកកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ក៏ប៉ុន្តែគ្រាប់រ៉ុក្កែតនេះបានផ្ទុះមុនពេលធ្លាក់ដល់ដី ហើយភ្លាមៗក៏ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញណាមួយនៅឡើយដែរ»។
គួរបញ្ជាក់ថា ឧប្បទ្ទវហេតុនេះបានកើតឡើងនៅចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរចាកចេញពីទីក្រុងហ្សេរុយសាឡឹម ទៅកាន់ទីក្រុង Bethlehem ជាទីដែលលោកត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាស់ម៉ូត អាបាស់៕