(ឡុងដ៏)៖ ប៉ូលិសអង់គ្លេសអះអាងថា ក្នុងករណីភេរវកម្មបំផ្ទុះគ្រាប់បែកនៅអង់គ្លេស អ្នកស្លាប់ភាគច្រើនជាកុមារ ខណៈចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅកន្លែងប្រគុំតន្រ្តី Manchester Arena ស្ថិតភាគពាយ័ព្យនៃប្រទេស អង់គ្លេសកាលពីថ្ងៃចន្ទ បានកើនដល់២២នាក់ហើយ ខណៈ មនុស្ស៥៩នាក់ផ្សេងទៀតនោះបានរងរបួស។ នេះបើតាមការចេញផ្សាយ Update ដោយសារព័ត៌មាន Sky News នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរអង់គ្លេស ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត ជាបុរសម្នាក់ ដែលបានបង្កៃគ្រាប់បែកជាប់ខ្លួន រីឯនាយករដ្ឋមន្ត្រីអង់គ្លេសក៏បានថ្កោល ទោសយ៉ាងខ្លំាងចំពោះការវាយប្រហារដ៏អាក្រក់នេះដែរ មិនតែប៉ុណ្ណោះលោកស្រីក៏បានលុបចោល ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជា បណ្ដោះអាសន្នទៀតផង។ មួយវិញទៀត ភ្លាមៗពុំទាន់មានក្រុមណាមួយចេញទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយ ក្រុម ISIS តែងតែដឹកនាំសកម្មភាពវាយប្រហារភេរវកម្មនៅអឺរ៉ុប។
ប៉ូលិសប្រចាំទីក្រុង Manchester ដែលជាទីក្រុងដ៏ធំបំផុតទីពីររបស់អង់គ្លេសបានឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បានកើតឡើងនាវេលាម៉ោង ប្រមាណជា ១០៖៣៥នាទីយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់កើតហេតុ) នៅមាត់ច្រកចេញខាងក្រៅកន្លែងប្រគុំតន្រី្តដែលមានសមត្ថភាព ផ្ទុកអ្នកចូលរួមបានដល់ទៅ ២១,០០០នាក់នេះ ស្របពេលដែលមនុស្សម្នាជាច្រើន ជាពិសេសយុវវ័យបានចាកចេញមកវិញ។
គួរបញ្ជាក់ថា សម្រាប់ខណៈពេលនេះករណីខាងលើ ត្រូវបានអាជ្ញាធរអង់គ្លេសចាត់ទុកថា គឺជាអំពើវាយប្រហារដោយភេវកម្ម រហូតដល់ពួកគេបើកការសង្កេតលម្អិតវែងឆ្ងាយបន្តទៅទៀត ហើយរកឃើញថា មិនមែនដូច្នេះទេនោះ។ ម៉្យាងវិញទៀតវត្ថុគួរឲ្យសង្ស័យ ដែលអាចជាគ្រាប់បែកទីពីរនោះ តាមពិតទៅត្រូវបានក្រុមប៉ូលិសអះអាងបញ្ជាក់វិញថា គ្រាន់តែជាសំលៀកបំពាក់បោះបង់ចោលតែប៉ុណ្ណោះ៕