(អ៊ីស្រាអែល)៖ ថ្លែងក្នុងថ្ងៃដំបូងនៃដំណើរបំពេញទស្សនកិច្ចនៅឯប្រទេសអ៊ីស្រាអែល និងតំបន់ West Bank ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចដល់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ឲ្យចាប់ផ្តើមកសាងភាពជាដៃគូថ្មីមួយ ជាមួយពិភពអារ៉ាប់ ខណៈដែលភាគីទាំងពីរនេះតែងតែបង្ហាញភាពមិនចុះសំរុងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ក្នុងការធ្វើសេចក្តីថ្លែងការណ៍រួមមួយ នៅក្រោយជំនួបជាមួយ លោក Netanyahu លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសអ៊ីស្រាអែល និងព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ដែលជាមហាអំណាចអារ៉ាប់មួយ នៅតំបន់មជ្ឈិមបូព៌ានោះ មានគោលដៅរួមគ្នានៅក្នុងការទប់ទល់ជាមួយនឹងប្រទេសអ៊ីរ៉ង់ និងក្រុមភេរវករ ISIS ហើយលោកមានការជឿជាក់ខ្ពស់ថា កម្រិតនៃភាពជាដៃគូសហការថ្មីមួយរវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ពិតជាអាចទៅរួច ហើយនឹងអាចកើតឡើងបានជាក់ជាពុំខាន។ បន្ថែមពីនេះ លោក ដូណាល់ ត្រាំ បានបន្តថា កិច្ចប្រឹងប្រែងថ្មីនេះក៏នឹងនាំឲ្យឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីនផងដែរ។
គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ច នៅឯក្រៅប្រទេសលើកទីមួយរបស់ លោក ដូណាល់ ត្រាំ បានចាប់ផ្តើមជាមួយការចូលសំចតធ្វើទស្សនកិច្ចនៅ អារ៉ាប៊ី សាអូឌីត ជាទីដែលលោកបានស្នើឲ្យបណ្តាមេដឹកនាំ អារ៉ាប់ តស៊ូប្រយុទ្ធប្រឆាំងនឹងមនោគមវិជ្ជាជ្រុលនិយម។ រីឯដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅអ៊ីស្រាអែល និងតំបន់ West Bank វិញ គឺសំដៅធ្វើឲ្យកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបន្តដំណើរការឡើងវិញ បន្ទាប់ពីបានជាប់គាំងកាលពីឆ្នាំ២០១៤ ដោយសារតែការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងតំបន់ West Bank៕