(សេអ៊ូល)៖ ទីភា្នក់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ (UNDP) មិនទាន់បានអនុវត្តន៍ឡើងវិញនៅឡើយទេ លើការដំណើរការកម្មវិធីផ្តល់ជំនួយរបស់ខ្លួនក្នុងឆ្នាំ២០១៧នេះ ដល់កូរ៉េខាងជើង ដែលកំពុងទទួលរងទណ្ឌកម្មពីសហគមន៍អន្តជាតិ ដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
កម្មវិធីជំនួយទៅកូរ៉េខាងជើងកាលពីឆ្នាំមុន ត្រូវបានពន្យាពេលមួយឆ្នាំ បន្ទាប់ពីការបញ្ចប់កម្មវិធីផ្តល់ជំនួយសម្រាប់ឆ្នាំ២០១១-២០១៥ ហើយវាត្រូវការការអនុម័ត ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល UNDP នៅក្នុងឆ្នាំ២០១៧នេះដើម្បីគិតគូររឿងជំនួយបន្តទៅមុខ។ ក៏ប៉ុន្តែ UNDP មិនទាន់បានដាក់សំណើបន្ថែមជំនួយដល់កិច្ចប្រជុំដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភាខាងមុខក្នុងទីក្រុងញូយ៉កនៅឡើយនោះទេ មួយវិញទៀតទីភ្នាក់អង្គការសហប្រជាជាតិមួយនេះ ក៏មិនបានធ្វើការអត្ថាធិប្បាយអ្វីដែរ ប្រាប់អ្នកសារព័ត៌មាន អំពីគំរោងដែលខ្លួននឹងត្រូវធ្វើ ចំពោះកូរ៉េខាងជើងនោះ។
គួរបញ្ជាក់ថា UNDP បានផ្ដល់ជំនួយដល់កូរ៉េខាងជើង ដោយផ្ដោតសំខាន់លើ ស្បៀងអាហារ ថាមពល បរិស្ថាន និងការគ្រប់គ្រងគ្រោះមហន្តរាយ រីឯទីភ្នាក់ងារអង្គការសហប្រជាជាតិដូចជា UNICEF,WFP, WHO និង FAO ក៏កំពុងធ្វើសកម្មភាពមនុស្សធម៌ផ្ដល់ជំនួយដល់កូរ៉េខាងជើងផងដែរ។ ជំនួយរាប់រយលានដុល្លាររបស់ UNDP ពិតជាសំខាន់ណាស់ចំពោះកូរ៉េខាងជើង ព្រោះប្រជាជនរាប់លាននាក់ រស់នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះត្រូវបានគេដឹងថា កំពុងរស់នៅក្នុងសភាពទុរភិក្ស និងងាយរងគ្រោះដោយសារគ្រោះធម្មជាតិនានា ជារៀងរាល់ឆ្នាំ៕