(ប៉េកាំង)៖ វិស័យនាំចូលរបស់ចិនពីប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះកាន់តែខ្លាំង ដោយពេលនេះវាស្ថិតនៅក្រោមរង្វង់ ១០០លានដុល្លារអាមេរិកទៅទៀត កាលពីខែមេសាកន្លងទៅនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានផ្អាកការនាំចូលធ្យូងថ្មពីអ្នកជិតខាង និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួនមួយនេះ។ នេះបើតាមទិន្នន័យថ្មីចុងក្រោយបំផុត ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខពីរលើពិភពលោកនេះ បានធ្វើការនាំចូលផលិតផលគិតជាតម្លៃសរុបត្រឹមតែ ៩៩.៣លានដុល្លារប៉ុណ្ណោះពីប្រទេសកូរ៉េខាងជើង ដែលវាគឺជាចំនួនដ៏ទាបបំផុត គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤ និងធៀបជាមួយតម្លៃ១១៤.៦លានដុល្លារកាលពីខែមីនាកន្លងទៅ រួមទាំង១៦៧.៧លានដុល្លារកាលពីឆ្នាំ២០១៦។ យោងតាមទិន្នន័យទទួលបានពីអគ្គរដ្ឋបាលគយ នៃប្រទេសចិនតម្លៃទំនិញនាំចូលពីកូរ៉េខាងជើង បានដាំក្បាលចុះជារៀងរាល់ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦មក។
គួរបញ្ជាក់ផងដែរថា ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើង ក៏មានការថយចុះ ១២ភាគរយ ផងដែរបើធៀបនឹងខែមីនា ឆ្នាំ២០១៧នេះ ដោយមានតម្លៃស្ថិតនៅត្រឹម ២៨៨.២លានដុល្លារ។ ប្រទេសចិនបានរងសម្ពាធយ៉ាងខ្លាំងពីអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកតែម្តង ដែលបាននិយាយបែបគំរាមទៅកាន់ទីក្រុងប៉េកាំងថា ប្រសិនបើបងធំកូរ៉េខាងជើងមួយនេះ នៅតែមិនព្រមដាក់ទណ្ឌកម្មយ៉ាងពិតប្រាកដលើទីក្រុងព្យុងយ៉ាងទេនោះ អាមេរិកនឹងចាត់ការរឿងនេះដោយខ្លួនឯង៕