(អាមេរិក)៖ អវកាសយានិកចំនួនពីររូបនឹងធ្វើដំណើរនៅខាងក្រៅ ស្ថានីយ៍អន្តរជាតិ ISS នាថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ការធ្វើ Spacewalk (ដំណើរបន្ទាន់នៅក្រៅស្ថានីយ៍) ដើម្បីផ្លាស់ប្តូរប្រព័ន្ធកុំព្យូទ័រដ៏សំខាន់មួយគ្រឿង ដែលបានឈប់ដំណើរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ឧបករណ៍ចម្បងខាងលើស្ថិតក្នុងចំណោមកុំព្យូទ័រចំនួនគ្រឿង មាននាទីគ្រប់គ្រងប្រព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅលើស្ថានីយ៍នេះ ហើយវាបានឈប់ដំណើរការកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ជាកត្តាបានបណ្តាលឲ្យស្ថានីយ៍ ISS ដែលមានតម្លៃប្រមាណ ១០០ពាន់លានដុល្លារ អាស្រ័យលើប្រព័ន្ធ Backup អស់ប៉ុន្មានថ្ងៃមកហើយ។ ជុំវិញបញ្ហានេះអង្គការ NASA បានធានាអះអាងថា ក្រុមអវកាសយានិកទាំង ០៥នាក់ មកពីសហរដ្ឋអាមេរិក រុស្ស៊ី រួមទាំងបារាំង ដែលបច្ចុប្បន្នកំពុងនៅលើ ISS មិនបានស្ថិតក្នុងគ្រោះថ្នាក់អ្វីឡើយ។
យ៉ាងណាមិញលោកស្រី Peggy Whitson មេបញ្ជាការស្ថានីយ៍ ISS និងវិស្វករផ្នែកហោះហើរ លោក Jack Fischer នៃទីភ្នាក់ងារអវកាស NASA នឹងសហការសម្រាប់ការដើរ Spacewalk នេះ ដែលត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែលជាពីរម៉ោង។ ការធ្វើ Spacewalk ក្នុងករណីបន្ទាន់ចុងក្រោយគេរបស់ NASA គឺកាលពីខែធ្នូ ឆ្នាំ២០១៥ នៅពេលអវកាសយានិកអាមេរិកពីររូប បានចាកចេញពីស្ថានីយ៍ ISS ដើម្បីដោះហ្វ្រាំងនៃដៃគ្រឿងយន្តមួយគ្រឿង។
គួរបញ្ជាក់ថា ស្ថានីយ៍អវកាស ISS ដែលស្ថិតក្រោមកម្មសិទ្ធិ និងប្រតិបត្តិការរបស់ប្រជាជាតិសរុបចំនួន១៥ប្រទេស កំពុងក្នុងរយៈកម្ពស់ប្រមាណ ៤០០គីឡូម៉ែត្រពីលើផែនដី និងធ្វើដំណើរគោចរជុំវិញភពរបស់យើងនេះ ជារៀងរាល់៩០នាទីម្តង៕