(ម៉ូស្គូ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានទៅដល់ទីក្រុងម៉ូស្គូហើយ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការមួយ ដែលនឹងបន្តរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ហើយបើយោងតាមក្រសួងការបរទេសហ្វីលីពីន ដំណើរបំពេញទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងទីក្រុងម៉ានីល និងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputinik នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនេះ លោក ឌូតឺតេ នឹងត្រូវជួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Demitry Medvedev នាថ្ងៃពុធ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នៅក្នុងជំនួបទាំងពីរនេះ ភាគីទាំងសងខាងត្រូវបានគេរំពឹងថា នឹងធ្វើការជជែកពិភាក្សាគ្នាអំពីបញ្ហានានា ទាក់ទិននឹងកិច្ចសហប្រតិបត្តិការហ្វីលីពីន-រុស្ស៊ី នៅក្នុងរង្វង់នៃវិស័យយោធា សេដ្ឋកិច្ច ក៏ដូចជានយោបាយ។
គួរបញ្ជាក់ថា ក្រៅពីការជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសរុស្ស៊ី លោកប្រធានាធិបតីហ្វីលីពីន ក៏នឹងឡើងថ្លែងសុន្ទរកថា នៅក្នុងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃទីក្រុងម៉ូស្គូនាថ្ងៃពុធសប្តាហ៍នេះផងដែរ ហើយនឹងចូលរួមក្នុងវេទិការមួយ ស្តីពីជំនួញរវាងហ្វីលីពីន-រុស្ស៊ី នៅក្នុងទីក្រុង St. Peterburg នាថ្ងៃសុក្រ មុនពេលធ្វើដំណើរត្រឡប់ទៅកាន់មាតុប្រទេសវិញផងដែរ។ ចាប់តាំងពីលោក ឌូតឺតេ ឡើងកាន់តំណែង ទំនាក់ទំនងហ្វីលីពីន-អាមេរិក កាន់តែឃ្លាតឆ្ងាយ ហើយប្តូរមកវិញនូវភាពជិតស្និទ្ធខ្លាំងជាមួយប្រទេសចិន និងរុស្ស៊ី ដែលជាគូប្រជែងដ៏ធំបំផុតទាំងពីរលើលោកជាមួយអាមេរិក៕