(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង យ៉ាងគគ្លើនម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ហើយបានសន្យាទៀតថា ពួកគេនឹងស្វែងរកការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់ ដែលរត់បានចំងាយ ៥០០គីឡូម៉ែត្រ រីឯលោក គីម ជុងអ៊ុន ក៏បានប្រកាសពីភាពជោគជ័យនៃការធ្វើតេស្ដនេះដែរ និងថែមទាំងបានបើកភ្លើងខៀវឱ្យដាក់ពង្រាយមីស៊ីលប្រភេទថ្មីនេះ ដល់កងទ័ពយុទ្ធសាស្ត្រកូរ៉េខាងជើង ទៀតផង។
នៅថ្ងៃចន្ទសប្តាហ៍នេះ សមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទំាង១៥ រួមមានទំាងចិនបានអនុម័តលើ សេចក្ដីថ្លែងការណ៍រួម ដោយថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពបង្ករឿងឥតឈប់ឈរ ពីសំណាក់កូរ៉េខាងជើង ហើយថែមទាំងជំរុញឱ្យប្រទេសកុម្មុយនីស្ដដ៏ឯកោមួយនេះ បញ្ឈប់ការបាញ់សាកល្បងមីស៊ីល មិនតែប៉ុណ្ណោះ ពួកគេក៏ព្រមានដែរថា នឹងស្វែងរកការដាក់ទណ្ឌកម្មបន្ថែមនៅក្នុង កិច្ចប្រជុំបន្ទាន់ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍នេះដែរ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ គឺជាលើកទី០៨ហើយ គិតចាប់ពីដើមឆ្នាំ២០១៧មកនេះ និងជាលើកទី០២ ក្រោយលោក មូន ជេអ៊ីន ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី នៅថ្ងៃទី១០ ខែឧសភា និងការបញ្ជូននាវាដឹកយន្តហោះចម្បាំងទីពីររបស់អាមេរិក មកក្បែរដែនទឹកឧបទ្វីបកូរ៉េផងដែរ៕