(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានចាប់ផ្តើមបើកសវនាការលើរឿងក្តីពុករលួយ និងរំលោភច្បាប់ពេលកាន់អំណាច របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ហើយ ដែលនេះគឺជាប្រវត្តិសាស្ត្រមិនធ្លាប់មាននោះឡើយ របស់ប្រទេសអាស៊ីបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី ផាក ដៃទាំងពីរជាប់ខ្នោះ និងស្ថិតក្នុងសំលៀកបំពាក់យោធាជើងទឹក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការក្រុងសេអ៊ូល ដើម្បីទទួលការសួរចម្លើយ ដែលវាជាលើកទីមួយហើយ សម្រាប់លោកស្រី ក្នុងការបង្ហាញខ្លួនជាសាធារណ គិតចាប់តាំងពីការចាប់ឃុំខ្លួនកាលពីថ្ងៃទី៣១ ខែមីនាមកនេះ។ តុលាការធម្មនុញ្ញបានសម្រេចទម្លាក់លោកស្រី ផាក ចេញពីតំណែងជាផ្លូវការកាលពីថ្ងៃ១០ ខែមីនា ដោយសារតែបានរកឃើញថា លោកស្រីមានជាប់ពាក់ព័ន្ធនឹងរឿងក្តីពុករលួយជាច្រើនករណី អំឡុងពេលកាន់អំណាច ជាពិសេសគឺការអនុញ្ញាតឲ្យមិត្តជិតស្និទ្ធឈ្មោះ ឆយ ស៊ូនស៊ីល ចូលលូកលាន់កិច្ចការផ្ទៃក្នុងរដ្ឋាភិបាល។
គួរបញ្ជាក់ថា ការបើកសវនាការសាកសួរជាលើកដំបូងទៅលើ លោកស្រី ផាក គឺហេ នេះត្រូវបានចាប់ផ្តើមឡើងនៅវេលាម៉ោង ១០៖០០នាទីព្រឹក ម៉ោងនៅទីក្រុងសេអ៊ូល ដោយរដ្ឋអាជ្ញាចំនួនបីរូប។ រឿងក្តីធំមួយក្នុងចំណោមរឿងក្តីទាំងអស់ ដែលលោកស្រី ផាក កំពុងទទួលរងការចោទប្រកាន់នោះ គឺអំពើពុករលួយពាក់ព័ន្ធថវិកា ៥២លានដុល្លារដែលជម្រិតបានពីក្រុមហ៊ុនធំៗក្នុងស្រុកចំនួន០៣ ហើយដែលរឿងនេះគឺបានជាប់ពាក់ព័ន្ធផងដែរទៅនឹង លោកស្រី ឆយ ស៊ូនស៊ីល មិត្តភក្តិជិតស្និទ្ធរាប់ទសវត្សរ៍របស់លោកស្រី ផាក ដែលមេក្លោងធំក្នុងរឿងនេះ៕