(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងស្នើសុំកញ្ចប់ថវិកាជាតិរហូតដល់ទៅ ៤.១ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ) ដោយផ្ដោតសំខាន់លើការចំណាយលើវិស័យយោធា ខណៈសេតវិមាននឹងបញ្ជូនសំណើទំាងសុ្រងនេះ ទៅសភាអាមេរិកនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ តាមរយៈផែនការថវិកាជាតិនេះ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កញ្ចប់ថវិកា សម្រាប់កម្មវិធីមនុស្សធម៌ ការកាត់បន្ថយភាពក្រីក្រ វិស័យសុខាភិបាល និងជំនួយអាមេរិកទៅកាន់បរទេស។ ជាងនេះទៅទៀតការចំណាយរបស់រដ្ឋាភិបាល ក៏នឹងត្រូវបានកាត់បន្ថយ ៣.៦ទ្រីលានដុលា្លរផងដែរ ក្នុងរយៈពេល ១០ឆ្នាំ រីឯថវិកា ៨០០ពាន់លានដុល្លារ អាចនឹងត្រូវកាត់បន្ថយចេញពីកម្មវិធីសុខាភិបាលសម្រាប់ជនក្រីក្រ និងច្រើនជាង ១៩២ពាន់លានដុល្លារពីកម្មវិធីស្បៀងអាហារ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះសភាអាមេរិក ហាក់ដូចជាមិនបានរវីរវល់ឡើយចំពោះសំណើកញ្ចប់ថវិកាជាតិរបស់ លោក ដូណាល់ ត្រាំ ចំពេលដែលទំាងសមាជិកសភាបក្សសាធារណៈរដ្ឋ និងប្រជាធិបេតេយ្យ កំពុងមិនពេញចិត្តជាខ្លាំងនឹងអាកប្បកិរិយា លោក ត្រាំ ជាពិសេស បន្ទាប់ពីលេចលឺព័ត៌មានថា ប្រធានាធិបតីអាមេរិក បានចែករំលែកព័ត៌មានសម្ងាត់ជាមួយរុស្ស៊ី ព្រមទំាងការបណ្ដេញលោក James Comey ពីតំណែងជានាយក FBI៕