(ឡុងដ៏)៖ អាជ្ញាធរប៉ូលិសនៃចក្រភពអង់គ្លេសកំពុងមានការសង្ស័យថា ការវាយប្រហារនៅកន្លែងប្រគុំតន្រ្តី Manchester Arena ភាគពាយ័ព្យនៃប្រទេស ដែលបានផ្តាច់យកជីវិតមនុស្សយ៉ាងតិចចំនួន ១៩នាក់ និងបានបង្ករបួសស្នាមយ៉ាងដំណំដល់មនុស្ស ៥០នាក់ ផ្សេងទៀតនោះ ត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈប៉ូលិសអង់គ្លេសគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយនាពេលបន្តិចទៀតនេះ ហើយវាត្រូវបានគេជឿជាក់ថា ជាអំពើភេរវកម្ម ប៉ុន្តែមិនទាន់ដឹងក្រុមណាជាអ្នកនៅពីក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។
ប៉ូលិសប្រចាំទីក្រុង Manchester ដែលជាទីក្រុងដ៏ធំបំផុតទីពីររបស់អង់គ្លេសបានឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បានកើតឡើងនាវេលាម៉ោងប្រមាណ ១០៖៣៥នាទី យប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់កើតហេតុ) នៅមាត់ច្រកចេញខាងក្រៅកន្លែងប្រគុំតន្រី្ត ដែលមានសមត្ថភាពផ្ទុកអ្នកចូលរួមបានដល់ទៅ ២១,០០០នាក់នេះស្របពេលដែលមនុស្សម្នាជាច្រើន ជាពិសេសយុវវ័យបានចាកចេញមកវិញ។
គួរបញ្ជាក់ថា សម្រាប់ខណៈពេលនេះករណីខាងលើ ត្រូវបានអាជ្ញាធរអង់គ្លេសចាត់ទុកថា គឺជាអំពើវាយប្រហារដោយភេវកម្ម រហូតដល់ពួកគេបើកការសង្កេតលម្អិតវែងឆ្ងាយបន្តទៅទៀត ដើម្បីស្វែងរកការពិត។ ម៉្យាងវិញទៀតវត្ថុគួរឲ្យសង្ស័យ ដែលអាចជាគ្រាប់បែកទីពីរនោះ តាមពិតទៅត្រូវបានក្រុមប៉ូលិសអះអាងបញ្ជាក់វិញថា គ្រាន់តែជាសំលៀកបំពាក់បោះបង់ចោលតែប៉ុណ្ណោះ។ យ៉ាងណាមិញក៏ពុំទាន់មានក្រុមភេរវករណាមួយ ចេញមុខអះអាងថា ជាទង្វើដ៏ខ្មៅងងឹងរបស់ខ្លួននោះដែរ៕