(ហ្សេរុយសាឡឹម)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ទឹកដីសម្ព័ន្ធមិត្តអ៊ីស្រាអ៊ែលហើយ នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ច និងចាកចេញពីប្រទេស អារ៉ាប៊ី សាអូឌីត តាមជើងហោះហើរពិសេស Air Force One កាលពីប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Telegraph នាល្ងាចថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
ដំណើរមកដល់របស់លោក ដូណាល់ ត្រាំ ពេលនេះត្រូវបានសារព័ត៌មានខាងលើអះអាងថា លោកនឹងលើកយកបញ្ហាជាច្រើនមកពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដូចជាបញ្ហាផ្ទេរស្ថានទូតអាមេរិកពីទីក្រុងតែលអាវីវ ទៅទីក្រុងហ្សេរុយសាឡឹមវិញ ប៉ុន្តែប្រការនេះត្រូវបានគេមើលឃើញថា ជារឿងដែលមិនទាន់អាចទៅរួច ព្រោះទឹកដីហ្សេរុយសាឡឹមនៅមិនទាន់មានការបែងចែក ដែលទទួលស្គាល់ដោយអន្តរជាតិ ហើយបញ្ហាជម្លោះទឹកជាមួយប៉ាឡេស្ទីន ក៏នៅតែបន្តនៅឡើយផងដែរ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងតែលអាវីវមានការប៉ះទង្គិចគ្នាដោយពាក្យសម្តី កាលពីពេលថ្មីៗនេះ អំពីការទទួលស្គាល់របស់អាមេរិក លើទីក្រុងហ្សេរុយសាឡឹម បន្ទាប់ពីសេតវិមានអាមេរិកបានបដិសេធមិននិយាយថា អាមេរិកចាត់ទុកទឹកដីស្ថិតនៅប៉ែកខាងលិចនៃរបងខ័ណ្ឌចែកនោះ គឺជាផ្នែកមួយនៃទឹកដីអ៊ីស្រាអែលដែរ ឬមួយក៏យ៉ាងនោះ។
ប្រការនេះបានបង្ខំឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ប្រកាសក្តែងៗដោយខ្លួនថា ទឹកដីស្ថិតនៅខាងលិចរបងខ័ណ្ឌចែកនោះគឺ «ជាទឹកដីស្ថិតក្រោមអធិបតេយ្យភាព របស់ប្រទេសអ៊ីស្រាអែល ជារៀងដរាប» ហើយអ៊ីស្រាអែល នឹងមិនបោះបង់ជំហរនេះឡើយ ទោះបីជាខ្លួនស្ថិតនៅក្នុងកិច្ចចរចាសន្តិភាពមួយណាក៏ដោយ។
ទោះបីជាបែបនេះក្តី លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកទី១ ដែលនឹងទៅទស្សនកិច្ចនៅរបងខ័ណ្ឌចែកទឹកដីហ្សេរុយសាឡឹមទាំងពីរនេះ ប៉ុន្តែសេតវិមានអាមេរិកបានធ្វើការបដិសេធ មិនឲ្យនាយករដ្ឋមន្ត្រី អ៊ីស្រាអែលធ្វើដំណើរទៅទីនោះជាមួយ លោក ត្រាំ នោះឡើយ ព្រោះអាមេរិកខ្លាចមានការយល់ច្រឡំថា ប្រការបែបនេះនឹងជាការបង្ហាញការទទួលរបស់អាមេរិក ចំពោះការគ្រប់គ្រងរបស់អ៊ីស្រាអែលនៅទីនោះ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចដ៏សំខាន់នៅអ៊ីស្រាអែល លោក ត្រាំ នឹងបន្តដំណើរទៅកាន់តំបន់ Bethlehem ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas។ អ្វីដែលលោក ដូណាល់ ត្រាំ ចង់បានពីអ៊ីស្រាអែល និងប៉ាឡេស្ទីននោះ គឺអ៊ីស្រាអែលត្រូវបញ្ឈប់កម្មវិធីសាងសង់លំនៅឋានដ៏ចម្រូងចម្រាស ហើយជាការតបស្នងប៉ាឡេស្ទីន ត្រូវបញ្ឈប់ការបង្កអំពើហិង្សាលើអ៊ីស្រាអែលដូចគ្នា៕