(តូក្យូ)៖ សហរដ្ឋអាមេរិកបានព្រមព្រៀងតាមសំណើរបស់ប្រទេសចិន ដោយផ្តល់ឱកាសឲ្យទីក្រុងប៉េកាំងរយៈពេល ១០០ថ្ងៃ សម្រាប់ប្រទេសនេះ ក្នុងការដាក់សម្ពាធ ទៅលើកូរ៉េខាងជើងឆ្លើយតបទៅនឹងការបាញ់គ្រាប់មីស៊ីល និងបំផ្ទុះសាកល្បងនុយក្លេអ៊ែរនៅក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧ ដោយដកស្រង់ការផ្សាយពីកាសែត Asahi Shimbun ដែលជារឿងរ៉ាវទើបត្រូវបានទម្លាយ ក្រោយជំនួបដំបូងរវាងលោក ស៊ី និងលោក ត្រាំ កាលពីខែមេសានៅរដ្ឋផ្លូរីដា។
ដំណោះស្រាយរយៈពេល ១០០ថ្ងៃខាងលើនេះ គឺដូចនឹងដំណោះស្រាយមួយផ្សេងទៀត ពាក់ព័ន្ធនឹងកិច្ចពិភាក្សាសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ អាមេរិក-ចិន ផងដែរ ដែលភាគទាំងពីរកាលពីខែមេសានោះ បានព្រមព្រៀងក្នុងរយៈពេល ១០០ថ្ងៃថានឹងសម្រេចឲ្យបានលទ្ធផល។ រំលឹកកាលពីមុនជំនួបរវាងលោក ស៊ី និងលោក ត្រាំ ត្រូវបានប្រារព្ធឡើង ប្រធានាធិបតីអាមេរិករូបនេះធ្លាប់បានលើកឡើង ប្រាប់សារព័ត៌មាន Finacial Times ថា ប្រទេសចិនគួរតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងការកៀបសង្កត់កូរ៉េខាងជើង បើសិនជាមិនចង់ឲ្យទីក្រុងវ៉ាស៊ីនតោន ចាត់ការរឿងនេះដោយខ្លួនឯងទេនោះ។
គួរបញ្ជាក់ថា បញ្ហាគ្រាប់មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបាននិងកំពុងបន្តអភិវឌ្ឍន៍ឥតឈប់ឈរនោះ ពិតជារឿងក៏ឈឺក្បាលមួយសម្រាប់អន្តរជាតិ ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តនានាដូចជា ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា រូបភាពនៃទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង ហាក់ដូចជាមិនសូវល្អនោះទេ ដោយកូរ៉េខាងជើងធ្លាប់បានបង្ហាញភាពក្រេវក្រោធដាក់ចិន ដែលជាបងធំ ហើយងាកទៅជិតស្និទ្ធខ្លាំងនឹងរុស្ស៊ីវិញ ជាការឆ្លើយតបនឹងទណ្ឌកម្មរបស់ចិន លើការនាំចេញរ៉ែធ្យូងថ្ម របស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ៕