(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបង្ហោះរូបភាពផែនដីជាច្រើនសន្លឹក ថតពីលើលំហអាកាស ដោយកាមេរ៉ាបំពាក់នៅលើគ្រាប់មីស៊ីលផ្លោង ដែលត្រូវបានបាញ់សាកល្បងនាពេលថ្មីៗនេះ ហើយការបង្ហោះរូបនេះ ទំនងជាទីក្រុងព្យុងយ៉ាងចង់បង្ហាញពីសមត្ថភាព នៃបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន ដែលអាចចូលទៅក្នុងលំហអាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានបង្ហោះរូបថតផែនដីជាង ៥៨សន្លឹក ដោយថែមទំាងនិយាយទៀតថា ការបាញ់សាកល្បងមីស៊ីល ផ្លោងរយៈចំងាយមធ្យម Pukguksong-2 កាលពីថ្ងៃអាទិត្យម្សិលមិញ បានទទួលជោគជ័យជាថ្មី បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទនេះ ក៏បានទទួលជោគជ័យផងដែរ កាលពីសប្ដាហ៍មុន។
មួយវិញទៀតភាពជោគជ័យនេះ បានបង្ហាញយ៉ាងច្បាស់ថា បច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើងកាន់តែ រីកចំរើនទៅមុខដើម្បីឈានដល់ការអភិវឌ្ឍមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដ៏ពិតប្រាកដ។ Rodong Sinmun បន្ថែមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជារីករាយចំពោះរូបថតផែនដីថតដោយកាមេរ៉ាបំពាក់លើមីស៊ីលផ្លោង ហើយពិភពលោកនឹងបានមើលឃើញរូបភាពដ៏ស្រស់ស្អាតនេះ។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង Pukguksong-2 ដោយវាហោះបានរយៈកម្ពស់ ៥៦០គីឡូម៉ែត្រពីផ្ទៃផែនដី និងរត់បានចំងាយ ៥០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន៕