(តែលអាវីវ)៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេស អារ៉ាប៊ី សាអូឌីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបន្តដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះជាមួយនឹងការបំពេញទស្សនកិច្ច នៅទីក្រុងហេ្សរុយសាឡឹម និងតំបន់ West Bank ដែនដីប៉ាឡេស្ទីន ជាកិច្ចបញ្ចប់ទស្សនកិច្ចរបស់លោកនៅមជ្ឈិមបូព៌ា។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា លោក ដូណាល់ ត្រាំ នឹងបន្តដំណើរទៅកាន់ទីក្រុងរ៉ូម និងទីក្រុងព្រុចសែល នៅថ្ងៃពុធ ទី២៤ ខែឧសភា ដោយលោកនឹងត្រូវជួបសម្ដេចប៉ាបហ្វ្រង់ស៊ីស និងក្រុមមន្ត្រីប៊ែលហ្សិក។ បន្ទាប់មកទៀតប្រធានាធិបតីអាមេរិករូបនេះ នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងព្រុចសែល នៅថ្ងៃទី២៥ ខែឧសភា មុននឹងបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល០៨ថ្ងៃរបស់លោក ដោយត្រូវចូលរួមកិច្ចប្រជុំ G7 ក្នុងទីក្រុង Sicily ប្រទេស អ៊ីតាលី នៅថ្ងៃទី២៦ ខែឧសភា។
សុមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេស អារ៉ាប៊ី សាអូឌីត សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងលក់សព្វាវុធភ្លាមៗទៅឲ្យ ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ក្នុងតម្លៃជិត១១០ពាន់លានដុល្លារ និងចំនួន៣៥០ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដែលការបោះជំហាននេះនឹងកាន់តែពង្រឹង សម្ព័ន្ធភាពរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ ឲ្យរឹងមាំថែមទៀត។
កិច្ចព្រមព្រៀងខាងលើ ទទួលបានការកោតសរសើរស្ញប់ស្ញែងពីសំណាក់សេតវិមានថា ជាការពង្រីកវិសាលភាពដ៏សំខាន់មួយនូវទំនាក់ទំនងផ្នែកសន្តិសុខ រវាងអាមេរិកនិងអារ៉ាប៊ី សាអូឌីត។ វាតំណាងឲ្យការកើនឡើងនៃសមត្ថភាពយោធារបស់ព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ស្របពេលដែលភាពតឹងនៅតែ កើតមានក្នុងតំបន់ ដោយទីក្រុងវ៉ាស៊ីនតោនចាត់ទុកអារ៉ាប៊ី សាអូឌីត ថាជាសមាជិកដ៏សំខាន់មួយនៅក្នុងកិច្ចប្រឹងប្រែង ដើម្បីឃ្លាំងមើលមហិច្ឆតា របស់ប្រទេសអ៊ីរ៉ង់។ យោងតាមរបាយការណ៍ជាច្រើន ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត គឺជាគោលដៅដ៏សំខាន់ចម្បងគេសម្រាប់ការលក់សព្វាវុធ របស់សហរដ្ឋអាមេរិក។
ការបំពេញដំណើរទស្សនកិច្ច របស់លោក ត្រាំ ទៅកាន់អ៊ីស្រាអែល ធ្វើឡើងចំពេលនយោបាយ នៅក្នុងសហរដ្ឋអាមេរិកកំពុងជួបភាពវឹកវរ រីឯទំនាក់ទំនងរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក៏កំពុងជួបភាពតានតឹងផងដែរ ដោយសារតែរឿងអាស្រូវបង្កឡើងដោយ ប្រធានាធិបតីអាមេរិករូបនេះពាក់ព័ន្ធ នឹងការទម្លាយព័ត៌មានសម្ងាត់ជាតិប្រាប់ទីក្រុងម៉ូស្គូ ហើយដែលព័ត៌មានសម្ងាត់នេះទៀតសោត ភាគច្រើនត្រូវបានចែករំលែកតែជាមួយអ៊ីស្រាអែលប៉ុណ្ណោះ៕