(អាមេរិក)៖ ក្រុមមន្រ្តីនៃទីភ្នាក់ងារអវកាស NASA បាននិយាយថា វាដល់ពេលហើយសម្រាប់អ្នកវិទ្យាសាស្រ្តទាំងអស់ ត្រូវចាប់ផ្តើមគិតគូរអំពីឧបករណ៍ប្រភេទណាខ្លះ ដែលពួកគេចង់បំពាក់នៅលើយានរុករកភាវៈមានជីវិត ដែលនឹងធ្វើដំណើរទៅកាន់ព្រះច័ន្ទយូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី គេហទំព័រវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
នាពេលថ្មីៗនេះអង្គការ NASA បានចេញសេចក្តីប្រកាសមួយ ស្តីពីបេសកកម្មចុះចតលើព្រះច័ន្ទយូរ៉ូប៉ា (Europa) ដោយជូនដំណឹង ក៏ដូចជាប្រាប់ទៅកាន់អ្នកវិទ្យាសាស្រ្ត និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ ឲ្យត្រៀមលក្ខណៈរៀងៗខ្លួន សម្រាប់កម្មវិធីប្រកួតប្រជែង ឧបករណ៍-វិទ្យាសាស្រ្ត ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ទីភ្នាក់ងារអវកាសអាមេរិកបានបន្ថែមថា ខ្លួនចង់ឲ្យសហគមន៍អ្នកវិទ្យាសាស្រ្ត ត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់សេចក្តីជូនដំណឹងនៃឱកាសដ៏អស្ចារ្យនេះ ពីព្រោះ NASA ទទួលស្គាល់ថា វាទាមទារបរិមាណការងារដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីរៀបចំផែនការសម្រាប់បេសកកម្មរុករកទីអវកាស នាអនាគតដ៏សំខាន់នេះ។
គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារអវកាស NASA កំពុងតែធ្វើការងារទៅលើបេសកម្មមួយ គិតជាតម្លៃស្មើនឹងពីរពាន់លានដុល្លារ មានឈ្មោះថា Europa Clipper ដែលយានអវកាសនេះ នឹងធ្វើដំណើរគោចរជុំវិញភពព្រហស្បតិ៍ ហើយសិក្សាទៅលើព្រះច័ន្ទយូរ៉ូប៉ តាមរយៈការហោះឆ្វែលទៅកៀក។ បច្ចុប្បន្ននេះបេសកកម្ម Europa Clipper ត្រូវបានគេកំណត់ថា នឹងចាប់ផ្តើមនៅឆ្នាំ២០២០ ឬក៏យូរជាងនេះ ខណៈបេសកកម្ម Europa Lander ត្រឹមតែស្ថិតក្នុងដំណាក់កាល នៃគំនិតមួយប៉ុណ្ណោះ ដោយពុំមែនជាបេសកកម្មទទួលបានការអនុញ្ញាតពេញលេញឡើយ៕