(កាប៊ុល)៖ យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធចំនួន ៧១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាដ៏ក្តៅគគុកនៅតំបន់នានាទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដកស្រង់ពីរបាយការណ៍របស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន នារសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងការពារជាតិ និងសន្តិសុខរបស់ប្រទេស អាហ្វហ្គានីស្ថាន បានបើកការវាយប្រហារធំៗចំនួន ១២លើក ដើម្បីសម្អាតទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ ដែលជាលទ្ធផលក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ៧១នាក់បានស្លាប់ និង៤០នាក់របួស»។ ប្រតិបត្តិការទាំង ១២លើក ត្រូវបានធ្វើឡើងនៅតំបន់នានាក្នុងខេត្ត Nangarhar, Helmand, Laghman, Farah, Kunduz, Ghor, Wardak និង Zabul។
គួរបញ្ជាក់ថា តួលេខមនុស្សស្លាប់ខាងលើនេះ ត្រូវបានអះអាងដោយទីភ្នាក់ងាររដ្ឋាភិបាលអាហ្វហ្គានីស្ថាន ប៉ុណ្ណោះ ខណៈដែលក្រុមតាលីបង់ និងបណ្តាញភេរវករ ISIS ដែលទំនងជាមានសមាជិករបស់ខ្លួនស្លាប់ក្នុងប្រតិបត្តិការខាងលើនេះ មិនទាន់បានចេញមុខអះអាងអ្វីនៅឡើយទេ៕