(រីយ៉ាត)៖ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា លើកលែងប្រទេសអ៊ីរ៉ង់ចេញ បានគាំទ្រលើកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យដាក់ពង្រាយកងទ័ព ៣៤,០០០នាក់ ក្នុងករណីចាំបាច់ ដើម្បីកម្ទេចពួក ISIS រីឯ អារ៉ាប៊ី សាអូឌីត នឹងក្លាយជាបេះដូងនៃប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមភេរវករនេះ ខណៈទីក្រុងវ៉ាស៊ីនតោននឹងដើរតួនាទីជាក្បាលម៉ាស៊ីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងខាងលើធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំកំពូល អ៊ីស្លាម-អាមេរិក នៅឯទីក្រុងរីយ៉ាត ដោយមានអ្នកតំណាងមកពីប្រទេសអ្នកកាន់សាសនាអ៊ីស្លាមចំនួន ៥៥ ចូលរួម។ ថ្លែងនាឱកាសនោះដែរ លោក ត្រាំ បានសន្យាក៏ដូចជាអំពាវនាវឱ្យប្រទេសអ្នកកាន់សាសនាអ៊ីស្លាមទំាងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងពួកភេរវករគ្រប់ទម្រង់ តាមរយៈការបំផ្លាញប្រភពហិរញ្ញវត្ថុរបស់ពួកវា និងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយបណ្ដារដ្ឋអ៊ីស្លាមទំាងនេះ។
គួរបញ្ជាក់ថា សមាជិកជាក់លាក់នៃកិច្ចព្រមព្រៀងក្រោមឈ្មោះថា សម្ព័ន្ធភាពយុទ្ធសាស្ត្រមជ្ឈិមបូព៌ា នឹងត្រូវធ្វើការសម្រេចចិត្តនៅឆ្នាំ២០១៨។ ប៉ុន្តែផ្អែកលើកិច្ចព្រមព្រៀងនេះ បណ្ដាប្រទេសនានាចូលរួមបានប្ដេជ្ញាចិត្ត ដាក់ពង្រាយកងទ័ព ៣៤,០០០នាក់ ក្នុងការគំាទ្រដល់ប្រតិបត្តិការប្រឆាំងនឹង អង្គការពួកភេរវករនៅអ៊ីរ៉ាក់ និងស៊ីរីនៅក្នុងករណីចាំបាច់។ តែយ៉ាងណាក៏ដោយ បើតាមអ្នកជំនាញមួយចំនួន ការចុះកិច្ចព្រមព្រៀងនេះមិនមែនសំដៅតែទៅលើពួក ISIS តែមួយនោះទេ ដោយវាក៏មានគោលដៅទប់ស្កាត់ ឥទ្ធិលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ផងដែរ៕