(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្កោលទោសយ៉ាងខ្លាំងលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ ការចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់ កំពុងធ្វើសកម្មភាពភេរវកម្ម នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ព្រមពេលជាមួយគ្នា លោក Zarif ក៏បានចោទប្រកាន់ដែរថា ទីក្រុងវ៉ាស៊ីនតោនមានបំណងបូមលុយពីស្ដេច អារ៉ាប៊ី សាអូឌីត តាមរយៈការកិច្ចព្រមព្រៀងលក់អាវុធ តម្លៃជាង ១១០ពាន់លានដុល្លារជាមួយទីក្រុងរីយ៉ាត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ នៅក្នុងសុន្ទរកថានាឱកាសចូលរួមកិច្ចប្រជុំកំពូលអ៊ីស្លាម-សហរដ្ឋអាមេរិកក្នុងទីក្រុងរីយ៉ាត បាននិយាយចំៗតែម្ដងថា អ៊ីរ៉ង់កំពុងដឹកនាំសកម្មភាពភេរវកម្ម និងដុតបញ្ឆេះជម្លោះនៅក្នុងតំបន់។ ជាការឆ្លើយតបការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានសង្កត់ធ្ងន់បញ្ជាក់យ៉ាងដូច្នេះថា «អ៊ីរ៉ង់ដែលទើបតែរៀបចំការបោះឆ្នោតយ៉ាងពិតប្រាកដមួយ ត្រូវបានវាយប្រហារដោយពាក្យសម្ដី របស់ប្រធានាធិបតីអាមេរិក (...) តើនេះគឺជាគោលនយោបាយការបទេស ឬក៏ជាចេតនាចង់បូមលុយ ៤៨០ពាន់លានដុល្លារ ពីស្ដេច អារ៉ាប៊ី សាអូឌីត»។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅ អារ៉ាប៊ី សាអូឌីត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា កិច្ចព្រមព្រៀងលក់អាវុធ នឹងធ្វើជួយពង្រឹងសមត្ថភាពរបស់ អារ៉ាប៊ី សាអូឌីត ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពល និងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់ តែជាមួយគ្នាលោកបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការបាញ់សាកល្បងមីស៊ីលផ្លោងផងដែរ។
គួររំលឹកបន្ថែមទៀតថា កាលពីថ្ងៃទី២០ ខែឧសភា លទ្ធផលបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់អាណត្តិថ្មីត្រូវបានប្រកាសជាផ្លូវការ ហើយក្នុងនោះលោក ហាស្សាន រួហានី គឺជាអ្នកទទួលបានជោគជ័យ ដោយនឹងកាន់តំណែងបន្តនាអាណត្តិទីពីរទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺភាពប្រឈមមុខគ្នារវាងអ៊ីរ៉ង់ និងអាមេរិកត្រូវបានអ្នកវិភាគមើលឃើញថា នឹងបន្តអូសបន្លាយដដែល ខណៈដែលមេដឹកនាំអ៊ីរ៉ង់កាលពីអាណត្តិទីមួយរូបនេះ មាននយោបាយមិនសូវត្រូវគ្នាជាមួយអាមេរិកនោះឡើយ៕