(ម៉ូស្គូ)៖ នៅព្រឹកថ្ងៃចន្ទនេះ ទីក្រុងព្យុងយ៉ាងបានប្រកាសពីជោគជ័យធំធេងនៃការធ្វើតេស្ត គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយនៅថ្ងៃដដែលនេះ លោក គីម ជុងអ៊ុន ក៏បានបញ្ជាមានការផលិតគ្រាប់មីស៊ីលប្រភេទនេះ ឲ្យបានច្រើនជាលក្ខណៈទ្រង់ទ្រាយធំផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
គ្រាប់មីស៊ីលដែលកូរ៉េខាងជើងធ្វើការបាញ់សាកល្បង កាលពីថ្ងៃទី២១ ខែឧសភា គឺជាប្រភេទរយៈចម្ងាយមធ្យម ដែលអាចហោះបាន ៥០០គីឡូម៉ែត្រមានឈ្មោះថា Pukguksong-2 ហើយទីក្រុងព្យុងយ៉ាងអះអាងថា មីស៊ីលត្រូវបានបាញ់ និងធ្លាក់ចំគោលដៅកំណត់យ៉ាងល្អឥតខ្ចោះតែម្តង ស្ថិតនៅក្នុងសមុទ្រជប៉ុន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននោះឡើយ។
គួរបញ្ជាក់តាមក្រុមជំនាញកូរ៉េខាងត្បូងថា គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ចេញពីខេត្តភាគលិចរបស់ខ្លួននោះ គឺជាប្រភេទដូចទៅនឹងគ្រាប់មីស៊ីល ដែលត្រូវបានបាញ់វកាលពីថ្ងៃទី១២ ខែកុម្ភៈនោះដែរ។ បន្ថែមពីការចេញបញ្ជាឲ្យផលិត Pukguksong-2 យ៉ាងច្រើននោះ លោក គីម ក៏បញ្ជាបន្ថែមទៀត ឲ្យកងទ័ពធ្វើការដាក់ពង្រាយគ្រាប់មីស៊ីលប្រភេទនេះ នៅទីតាំងយុទ្ធសាស្ត្រសំខាន់ៗទៀតផង៕