(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នឹងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតគាំទ្រលោកស្រីក្នុងការនាំអង់គ្លេស ចេញពីសហភាពអឺរ៉ុប (Brexit) ហើយដែលនេះអាចនឹងក្លាយជាសន្លឹកបៀរដ៏ធំមួយ សម្រាប់លោកស្រីប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ខណៈការស្ទង់មតិជាច្រើនបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សលោកស្រីបានធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
យោងតាមការដកស្រង់សុន្ទរកថាដែល លោកស្រី May នឹងត្រូវធ្វើការគូសបញ្ជាក់ពី Brexit នាយរដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «វាគ្មានពេលវេលា ត្រូវពន្យាពេល Brexit ទៀតនោះទេ ...ហើយកិច្ចព្រមព្រៀងនឹងត្រូវចរចាដោយរូបខ្ញុំ ឬក៏លោក Jeremy Corbyn»។ ជាមួយគ្នានោះដែរ ការស្ទង់មតិជាច្រើន នៅមុនការបោះឆ្នោតនៅថ្ងៃទី០៨ ខែមិថុនាក៏បានបង្ហាញដែរថា ការនាំមុខនៃគណបក្សអភិរក្សនិយមរបស់លោកស្រី លើគណបក្សពលកររបស់លោក Jeremy Corbyn បានធ្លាក់ចុះពី៩ ទៅ១៣ភាគរយ បន្ទាប់ពីបានធ្លាក់ចុះអស់ ២០ភាគរយមុនលោកស្រី May អំពាវនាវឱ្យមានការបោះឆ្នោតមុនអណត្តិ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីសហភាពអឺរ៉ុប កំពុងរៀបចំកិច្ចពិភាក្សាស្ដីពី Brexit ដោយនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១៩ ខែមិថុនា ពោលគឺ១១ថ្ងៃបន្ទាប់ពីការបោះឆ្នោតសកលនៅអង់គ្លេស៕