(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ការតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គឺជាសមរភូមិរវាងអំពើល្អ និងអាក្រក់ ស្របពេលដែលរូបលោក បានទទូចដល់បណ្តាលប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ឲ្យរួមសាមគ្គីគ្នាកម្ចាត់មនោគមវិជ្ជាជ្រុលនិយម ហើយលោក ត្រាំ ក៏បានប្រាប់ទៅកាន់មេដឹកនាំ នៃប្រជាជាតិអ៊ីស្លាមក៏ដូចជាអារ៉ាប់ប្រមាណ ៥០ ប្រទេសផងដែរថា លោកបានធ្វើដំណើរមកកាន់ទីនេះ ដើម្បីពាំនាំយកសារមួយស្តីពីមិត្តភាព ក្តីសង្ឃឹម ព្រមទាំងសេចក្តីស្រឡាញ់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
លោកប្រធានាធិបតីអាមេរិកបានថ្លែងពេលជិតបញ្ចប់ដំណើរទស្សនៈកិច្ចនៅ អារ៉ាប៊ី សាអូឌីត យ៉ាងដូច្នេះថា «នេះមិនមែនជាសមរភូមិរវាងភាពខុសគ្នានៃជំនឿសាសនា បក្ខបួក ឬអារ្យធម៌ទាំងឡាយណាឡើយ... វាគឺជាសមរភូមិរវាងក្រុមឧក្រិដ្ឋជនដ៏សាហាវព្រៃផ្សៃ ដែលមានបំណងចង់បំផ្លិចបំផ្លាញជីវិតរស់នៅរបស់មនុស្សផងទាំងពួង និងជនល្អៗនៃគ្រប់សាសនាដែលព្យាយាមការពារវា... នេះគឺជាសមរភូមិរវាងអំពើល្អ និងអំពើអាក្រក់»។
ការថ្លែងបែបនេះរបស់លោក ត្រាំ ធ្វើឡើងអំឡុងពេលលោកបំពេញទស្សនកិច្ចពីរថ្ងៃនៅព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត។
នាឱកាសនោះទៀតដែរ លោក ដូណាល់ ត្រាំ បានសន្យាថា នឹងបង្ហាញការប្តេជ្ញាយ៉ាងមុតមាំ ចំពោះបណ្តាសត្រូវរបស់លោក ក៏ដូចជានឹងប្រយុទ្ធប្រឆាំងភាពជ្រុលនិយមដ៏ឃោរឃៅ តាមរយៈការធ្វើកំណែទម្រង់ដោយសន្សឹមៗ ហើយមិនព្យាយាមបញ្ចូលរបៀបរស់នៅរបស់អាមេរិក ទៅឲ្យអ្នកដទៃធ្វើតាមនោះឡើយ។ យ៉ាងណាមិញលោក ត្រាំ បានបញ្ជាក់ថា «បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ក៏មិនអាចរង់ចាំតែកម្លាំងអាមេរិក ដើម្បីកម្ចាត់សត្រូវនេះឲ្យពួកគេរហូតនោះដែរ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចំណាយពេលពីរថ្ងៃក្នុងបំពេញទស្សនកិច្ច នៅឯព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ហើយខណៈនេះលោកកំពុងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល៕