(អ៊ីស្រាអែល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល និងដែនដីប៉ាឡេស្ទីននៅថ្ងៃចន្ទនេះ ក្រោមការរឹតបន្តឹងសន្តិសុខខ្ពស់បំផុត នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោក នៅបណ្ដាប្រទេសមជ្ឈិមបូព៌ា បន្ទាប់ពីបាន បញ្ចប់ទស្សនកិច្ចនៅប្រទេស អារ៉ាប៊ី សាអូឌីត ជាលើកដំបូងរួចមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
ការបំពេញដំណើរទស្សនកិច្ចរយៈពេល ០៨ថ្ងៃរបស់ លោក ដូណាល់ ត្រាំ នៅឯបរទេសជាលើកដំបូង ដោយចាប់ផ្ដើមពីប្រទេស អារ៉ាប៊ី សាអូឌីត ធ្វើឡើងនៅចំពេលដែលនយោបាយនៅក្នុងសហរដ្ឋអាមេរិក កំពុងជួបភាពវឹកវរ ដោយសារតែរឿងអាស្រូវបង្កឡើងដោយប្រធានាធិបតីអាមេរិករូបនេះ បន្ទាប់ពីសារព័ត៌មាននៅក្នុងស្រុកបានរាយការណ៍ថា លោក ត្រាំ បានទម្លាយព័ត៌មានសម្ងាត់ជាតិ ប្រាប់ទីក្រុងម៉ូស្គូ ហើយព័ត៌មានសម្ងាត់នេះទៀតសោត ភាគច្រើនត្រូវបានចែករំលែកតែជាមួយអ៊ីស្រាអែលប៉ុណ្ណោះ។
ហេតុដូច្នេះលោក ត្រាំ ផ្ទាល់អាចនឹងធ្វើការបកស្រាយ និងបញ្ជាក់ពីគោលជំហររបស់លោកនៅចំពោះមុខថ្នាក់ដឹកនាំអ៊ីស្រាអែល មុននឹងលោកបញ្ជាក់ពីវត្ថុបំណង ចង់ផ្លាស់ប្ដូរស្ថានទូតអាមេរិកពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយ សាឡឹម។ មួយវិញទៀត នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ត្រាំ ក៏នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំប៉ាឡេស្ទីនផងដែរ ដើម្បីព្យាយាមត្រួស ត្រាយផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាពជាមួយអ៊ីស្រាអែល ខណៈអ៊ីស្រាអែលកំពុងសាងសង់លំនៅឋាន បែបអាណានិគមរបស់ជនជាតិជីព្វបន្ថែម នៅលើទឹកដីប៉ាឡេស្ទីន ដោយមិនខ្វល់ឡើយពីការថ្កោលទោសពីសំណាក់ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន លោក ត្រាំ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់បុរីវ៉ាទីកង់, ទីក្រុងព្រុចសែល ប្រទេសប៊ែកហ្សិក និងទីក្រុង Sicily នៃប្រទេសអ៊ីតាលី៕