(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងលក់បរិក្ខានិងសេវាកម្មយោធា មានតម្លៃ១១០ពាន់លានដុល្លារ អាមេរិក ជាមួយអារ៉ាប៊ីសាអ៊ូឌីត នឹងជួយបង្កើនសមត្ថភាពយោធារបស់ទីក្រុងរីយ៉ាត ក្នុងការប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលរបស់អ៉ីរ៉ង់នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧។

កិច្ចព្រមព្រៀងដ៏មហាសាលនេះ ធ្វើឡើងនាឱកាសនៃការបំពេញដំណើរទស្សនិច្ចនៅឯបរទេសជាលើកដំបូង របស់លោក ដូណាល់ ត្រាំ មកកាន់ អារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃសៅរ៍។ ដោយឡែកថ្លែងនៅក្នុងជំនួបជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីត លោក ធីល្លឺសុន បាននិយាយ ដោយឥតលាក់លៀមថា កិច្ចព្រមព្រៀង លក់អាវុធឱ្យ អារ៉ាប៊ីសាអ៊ូឌីត នឹងជួយបង្កើនសមត្ថភាពយោធា របស់ទីក្រុងរីយ៉ាត ក្នុងការប្រឈមមុខនឹងការកើនឡើងនៃ ឥទ្ធិពល និងការគំរាមកំហែងរបស់អ៊ីរ៉ង់ ហើយមិនតែប៉ុណ្ណោះទីក្រុងរីយ៉ត ក៏នឹងអាចសមត្ថភាពការពារខ្លួនឯង ក៏ដូចជាចូលរួមចំណែករក្សាស្ថេរភាព សន្តិសុខ និងប្រយុទ្ធប្រឆាំងនឹងពួកភេរវករ នៅក្នុងតំបន់។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បានជំរុញផងដែរឱ្យ លោក ហាសាន់ រ៉ូហានី ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតី អ៊ីរ៉ង់សាជាថ្មី កាលពីថ្ងៃសៅរ៍ កម្ទេចបណ្ដាញភេរវករនៅក្នុងប្រទេស ព្រមទំាងបញ្ចប់ការធ្វើតេស្ដសាកល្បងមីស៊ីលផ្លោង។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីត និងអ៉ីរ៉ង់ កំពុងមានជម្លោះផលប្រយោជន៍នឹងគ្នានៅក្នុងសង្រ្គាមស៊ីរី និងយេមែន ជាទីដែលពួកគេបានគាំទ្រសម្ព័ន្ធមិត្តរៀងៗខ្លួន។ ជាក់ស្ដែងនៅយេមែន ទីក្រុងរីយ៉ាត បាននិងកំពុងធ្វើប្រតិបត្តិការយោធា បោសសំអាតក្រុមឧទ្ទាមហ៊ូទី ដែលមានទីក្រុងតេហេរ៉ង់ ជាមេកើយ ហើយនៅក្នុងសង្រ្គាមស៊ីរីឯណោះវិញ អ៉ីរ៉ង់ការពារប្រធានាធិបតី លោក បាស្សា អាល់អាស្សាដ តែអារ៉ាប៊ីសាអ៊ូឌីត ចង់ឱ្យលោកអាស្សាដ ចុះចេញពីតំណែង៕