(វ៉ាស៊ីនតោន)៖ អ្នកផ្ដល់ព័ត៌មានសម្ងាត់ឱ្យទីភា្នក់ចារកម្មអាមេរិក CIA រហូតដល់ទៅ២០នាក់ ត្រូវបានសម្លាប់ ឬចាប់ដាក់គុក ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង នៅចន្លោះឆ្នាំ២០១០ និង២០១២ ដើម្បីបំផ្លាញឯកសារទំាងឡាយដែលទីក្រុងវ៉ាស៊ីនតោន ប្រមូលបាននៅក្នុងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ នេះបើតាមការសែត New York Times ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧។
កាសែត New York Times ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថា គេមិនទាន់អាចកំណត់បានថា តើ CIA ត្រូវបាន Hack ឬក៏ជនបង្កប់ណាម្នាក់ ជួយដល់រដ្ឋាភិបាលចិនក្នុងការកំណត់អត្តសញ្ញាណភ្នាក់ងារទំាង២០នាក់ខាងលើនៅឡើយទេ ខណៈភ្នាក់ងារ ម្នាក់ក្នុងចំណោមអ្នកទាំងនេះ ត្រូវបានបាញ់សម្លាប់ នៅក្នុងអាគាររដ្ឋាភិបាលចិន ជាការព្រមានដល់ជនបង្កប់ដទៃទៀត។ បន្ថែមពីលើនេះ អតីតមន្ត្រី CIA ៤នាក់ក៏បានប្រាប់កាសែតអាមេរិកនេះ ដែរថា ព័ត៌មានបានមកពីប្រភពផ្ទៃក្នុងនៃការិយាល័យរដ្ឋាភិបាលចិនមានកាន់តែ តិចទៅៗ នៅក្នុងឆ្នាំ២០១០ ហើយ អ្នកផ្ដល់ព័ត៌មានសម្ងាត់ឱ្យ CIA ចាប់ផ្ដើមបាត់ខ្លួនជាបន្តបន្ទាប់នៅដើមឆ្នាំ២០១១។ ក៏ប៉ុន្តែយ៉ាងណា ក៏ដោយ ខាង CIA មិនទាន់ធ្វើការអត្ថាធិប្បាយ ចំពោះសេចក្ដីរាយការណ៍នេះនោះទេ ដោយគ្រាន់តែការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ដោយ CIA និង FBI មានគោលដៅលើអតីតទីភ្នាក់ងារ CIA ម្នាក់ដែលគេជឿជាក់ថា កំពុងរស់នៅក្នុងប្រទេសនៅតំបន់អាស៊ី។ នេះបើតាម New York Times។
គួររំលឹកថា កាលពីឆ្នាំ២០១២ មន្ត្រីម្នាក់បម្រើការនៅក្រសួងសន្តិសុខចិន ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានធ្វើចារកម្មឱ្យ សហរដ្ឋអាមេរិក ហើយបុរសម្នាក់នេះ ក៏បាននិយាយដែរថា ខ្លួនត្រូវបានគេអូសទាញឱ្យចូលរួមជាមួយ CIA។ តែចាប់ពីពេលនោះមកដែរ ការចាប់ខ្លួនរបៀបនេះ មិន ដែលត្រូវទម្លាយជាសាធារណៈនោះទេ៕