(បាងកក)៖ កម្លាំងប៉ូលិសនៃប្រទេសថៃបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ពួកគេបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន០៥រូប ដែលជាប់សង្ស័យថា បានយកភ្លើងដុត ព្រះឆាយាល័ក្ខណ៍ នៃអតីតព្រះមហាក្សត្រព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីចុងឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
ជនសង្ស័យរួមមានបុរសចំនួនបួននាក់ និងក្មេងប្រុសម្នាក់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននាថ្ងៃសុក្រម្សិលមិញនេះ នៅក្នុងខេត្ត Khon Kaen ភាគឦសានប្រទេស ខណៈសំណុំរឿងនេះកំពុងតែឆ្លងកាត់នីតិវិធីច្បាប់ និងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងល្អិតល្អន់នាខណៈពេលនេះ បន្ទាប់ពីជនទាំង០៥នាក់ ត្រូវបានបញ្ជូនផ្ទេរ ទៅកាន់មូលដ្ឋានទ័ពមួយកន្លែង ក្នុងទីក្រុងបាងកកដែលជាប្រើប្រាស់សម្រាប់ធ្វើជាពន្ធនាគារបណ្តោះអាសន្ន។
សូមជំរាបថា ការសោយទិវង្គត់របស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដ៏ជាទីគោរពរបស់ប្រជាជាតិថៃ បន្ទាប់បានគ្រងរាជ្យអស់រយៈពេល០៧ទសវត្សរ៍នេះ បានបណ្តាលឲ្យប្រទេសនៃតំបន់អាស៊ានមួយនេះធ្លាក់ចុះទៅពេលវេលានៃការកាន់ទុក្ខអស់ពេលរាប់ខែ ក៏ដូចជារឹតបន្តឹងការប្រុងប្រយ័ត្នជាខ្លាំង ចំពោះការប្រមាថ និងទង្វើអវិជ្ជមាននានា។
គួរបញ្ជាក់ថា ការរិះគន់ក៏ដូចជាប្រមាថមើលងាយទៅលើ ព្រះមហាក្សត្រ ស្តេចរាជានុសិទ្ធ និងព្រះរាទាយាទ គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយដែលប្រឈមមុខ ការទទួលទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ នៅក្នុងប្រទេសថៃ៕