(អារ៉ាប៊ី សាអូឌីត)៖ សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងលក់សព្វាវុធភ្លាមៗទៅឲ្យព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ក្នុងតម្លៃជិត១១០ពាន់លានដុល្លារ និងចំនួន៣៥០ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដែលការបោះជំហាននេះនឹងកាន់តែពង្រឹង សម្ព័ន្ធភាពរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ ឲ្យរឹងមាំថែមទៀត ស្របពេលដែលលោក ដូណាល់ ត្រាំ បាននិងកំពុងបំពេញ ទស្សនកិច្ចនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅយប់ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងខាងលើ ទទួលបានការកោតសរសើរស្ញប់ស្ញែងពីសំណាក់សេតវិមានថា ជាការពង្រីកវិសាលភាពដ៏សំខាន់មួយនូវទំនាក់ទំនងផ្នែកសន្តិសុខ រវាងអាមេរិកនិងអារ៉ាប៊ី សាអូឌីត។ វាតំណាងឲ្យការកើនឡើងនៃសមត្ថភាពយោធារបស់ព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ស្របពេលដែលភាពតឹងនៅតែ កើតមានក្នុងតំបន់ ដោយទីក្រុងវ៉ាស៊ីនតោនចាត់ទុកអារ៉ាប៊ី សាអូឌីត ថាជាសមាជិកដ៏សំខាន់មួយនៅក្នុងកិច្ចប្រឹងប្រែង ដើម្បីឃ្លាំងមើលមហិច្ឆតា របស់ប្រទេសអ៊ីរ៉ង់។ យោងតាមរបាយការណ៍ជាច្រើន ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត គឺជាគោលដៅដ៏សំខាន់ចម្បងគេសម្រាប់ការលក់សព្វាវុធ របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការលក់សព្វាវុធនេះ ក៏អាចនិយាយបានថា ជាការផ្តល់ជោគជ័យឲ្យលោក ដូណាល់ ត្រាំ មួយផងដែរ នៅឯក្រៅប្រទេស ស្របពេលដែលបញ្ហាសម្ពាធនយោបាយ របស់លោកកំពុងតែតានតឹងឡើងៗ នៅក្នុងប្រទេស ដោយនាពេលថ្មីៗនេះ សេតវិមានអាមេរិកបានទទួលរង សម្ពាធយ៉ាងខ្លាំងក្លា ពីសំណាក់សេចក្តីរាយការណ៍ព័ត៌មាន ពាក់ព័ន្ធការសង្ស័យនៃទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ នឹងរដ្ឋាភិបាលរុស្ស៊ី និងការសម្រេចចិត្តបណ្តេញអតីតនាយក FBI លោក James Comey ចេញពីតំណែង។
សូមជំរាបដែរថា លោក ដូណាល់ ត្រាំ នឹងចំណាយពេលចំនួនពីរថ្ងៃនៅព្រះរាជាណាក្រ អារ៉ាប៊ី សាអូឌីត ដើម្បីពិភាក្សាសំខាន់លើកិច្ចសហប្រតិបត្តិការ និងយុទ្ធការប្រឆាំងអំពើភេរវកម្ម មុននឹងលោកបន្តដំណើរនាសប្តាហ៍ក្រោយទៅកាន់អ៊ីស្រាអែល ប៊ែលហ្សិក និងអ៊ីតាលី។ យ៉ាងណាមិញអំឡុងពេលប៉ុន្មានខែកន្លងមកនេះ លោក ត្រាំ បានដាក់បន្ទុកនៃការបំពេញទស្សនកិច្ចនៅក្រៅប្រទេស ទៅលើទីប្រឹក្សាក៏ដូចជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោក រួមមានទាំងអនុប្រធានាធិបតីអាមេរិក លោក Mike Pence, ទីប្រឹក្សាសន្តិសុខជាតិ លោក H.R. McMaster, រដ្ឋមន្រ្តីការបរទេស លោក Rex Tillerson, និងរដ្ឋមន្រ្តីការពារជាតិ លោក James Mattis ជាដើម៕