(លីម៉ា)៖ អគ្គនាយករងនៃទីភ្នាក់ងារសហព័ន្ធ នៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា របស់ប្រទេសរុស្ស៊ី (FSMTC) បានឲ្យដឹងថា បណ្តាប្រទេសអាមេរិកឡាទីនជាច្រើន កំពុងមានការចាប់អារម្មណ៍ខ្ពស់ ក្នុងការទិញយកជាពិសេសេនូវ យន្តហោះចុះលើផ្ទៃទឹកធុន Beriev Be-200 ក៏ដូចជាយន្តហោះ និងរថយន្តពាសដែកបាញ់មិនធ្លុះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងក្នុងការតាំងបង្ហាញថ្នាក់អន្តរជាតិ នៃបច្ចេកវិទ្យាវិស័យការពារជាតិ និងជំនួយគ្រោះមហន្តរាយ SITDEF 2017 នៅឯទីក្រុងលីម៉ានៃប្រទេសប៉េរូ អំពីការផ្តត់ផ្គង់រថយន្តពាសដែក លោក Anatoly Punchuk បានឲ្យដឹងយ៉ាងដូច្នេះថា «ប្រទេសម៉ិចស៊ីកូ ប៉េរូ និងអាហ្សង់ទីន កំពុងបង្ហាញពីចំណាប់អារម្មណ៍របស់ពួករៀងៗខ្លួន ហើយប្រេស៊ីលក៏នៅតែមានការចាប់អារម្មណ៍ដដែល ស្របពេលដែលយើងបានផ្គត់ផ្គង់បរិក្ខាមួយចំនួនហើយ ដល់វេណេស៊ុយអេឡា»។ និយាយពីយន្តហោះ Be-200 វិញ លោក Punchuk បានលើកឡើងថា ប្រជាជាតិនៃតំបន់អាមេរិកខាងត្បូងជាច្រើន បានបង្ហាញពីក្តីបំណងរបស់ពួកគេ ក្នុងការទិញយន្តហោះចុះលើផ្ទៃទឹកនេះ។
គួរបញ្ជាក់ថា យន្តហោះធុន Be-200 គឺជាប្រភេទយន្តហោះចុះលើផ្ទៃពោរពេញដោយសមត្ថភាពចម្រុះ ដែលវាត្រូវបានរចនាឡើងសម្រាប់ការងារពន្លត់អគ្គីភ័យ, រុករកនិងជួយសង្រ្គោះ, ល្បាតដែនសមុទ្រ, ដឹកជញ្ជូនទំនិញ និងអ្នកដំណើរជាដើម។ វាអាចផ្ទុកទឹកបានចំណុះ ១២,០០០លីត្រ ឬមនុស្សរហូតដល់ទៅ៧២នាក់៕