(តេហរ៉ង់)៖ យោងតាមមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ ដោយផ្អែលលើលទ្ធផលឆ្នោតផ្លូវការ ប្រធានាធិបតីបច្ចុប្បន្ន លោក Hassan Rouhani បាននាំមុខគេនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់អាណត្តិថ្មី ដោយផ្តួលគូប្រកួតដ៏ស្វិតស្វាញម្នាក់គឺ លោក Ebrahim Raisi ដែលមានន័យថា លោកនឹងក្លាយជាប្រធានាធិបតីអ៊ីរ៉ង់ សម្រាប់អាណត្តិទីពីរជាបន្តទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ជិត ៤០លានសន្លឹក លោក Rouhani បានទទួលការគាំទ្រសរុបចំនួន ៥៦.៨៨ភាគរយ និងគូប្រជែងខ្លាំងបំផុត គឺលោក Raisi ទទួលបានតែ ៣៨.៥៥ភាគរយប៉ុណ្ណោះ។ នេះបើតាមការដកស្រង់សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនាឆ្នាំ២០១៧នេះ រួមមានបេក្ខភាពប្រធានាធិបតីចំនួនបួនរូប គឺប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដែលកំពុងឈរឈ្មោះ ដើម្បីបន្តកាន់អំណាចក្នុងអាណត្តិទីពីរ, លោក Seyyed Ebrahim Raeisi អតីតអនុប្រធានតុលាការ, សមាជិកក្រុមប្រឹក្សាប្រយោជន៍ នៃប្រទេសអ៊ីរ៉ង់ លោក Mostafa Aqa-Mirsalim, និងអតីតអនុប្រធានាធិបតី លោក Mostafa Hashemi-Taba។ ការបោះឆ្នោតលើនេះពិតជាសំខាន់ ខណៈដែលមេដឹកនាំអាណត្តិថ្មី នឹងត្រូវប្រឈមមុខចំពោះការដោះស្រាយបញ្ហាទំនាក់ទំនងដ៏រកាំរកូស ជាមួយសហរដ្ឋអាមេរិក៕