(រីយ៉ាដ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ហើយតាមជើងយន្តហោះពិសេស Air Force One ដែលនេះគឺជាដំណើរទស្សនកិច្ច នៅឯប្រទេសលើកដំបូងបង្អស់របស់លោក គិតចាប់តាំងតែពីលោក ត្រាំ បានឡើងកាន់អំណាចបួនខែមកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
យោងតាមស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់ អារ៉ាប៊ី សាអូឌីត យន្តហោះ Air Force One បានធ្វើដំណើរមកដល់រដ្ឋធានីរីយ៉ាដហើយនាមុននេះបន្តិច ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីព្រះចៅ Salman bin Abdulaziz Al Saud បន្ទាប់ពីបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃល្ងាចថ្ងៃសុក្រម្សិលមិញ។ ម៉្យាងវិញទៀតសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា ដ៏ស្និទ្ធស្នាលរបស់អាមេរិកមួយនេះ ធ្លាប់បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោក ដូណាល់ ត្រាំ នឹងសម្រេចនូវកិច្ចព្រមព្រៀងមួយចំនួនស្តីពី ផ្នែកនយោបាយ និងសេដ្ឋកិច្ច ហើយវាក៏នឹងជួយបង្កើនយុទ្ធនាការចម្រុះ សំដៅកម្ចាត់ក្រុមសកម្មប្រយុទ្ធ ISIS ផងដែរ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងចំណាយពេលចំនួនពីរថ្ងៃនៅព្រះរាជាណាក្រ អារ៉ាប៊ី សាអូឌីត មុននឹងលោកបន្តដំណើរនាសប្តាហ៍ក្រោយទៅកាន់អ៊ីស្រាអែល ប៊ែលហ្សិក និងអ៊ីតាលី។ យ៉ាងណាមិញអំឡុងពេលប៉ុន្មានខែកន្លងមកនេះ លោក ត្រាំ បានដាក់បន្ទុកនៃការបំពេញទស្សនកិច្ចនៅក្រៅប្រទេស ទៅលើទីប្រឹក្សាក៏ដូចជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោក រួមមានទាំងអនុប្រធានាធិបតីអាមេរិក លោក Mike Pence, ទីប្រឹក្សាសន្តិសុខជាតិ លោក H.R. McMaster, រដ្ឋមន្រ្តីការបរទេស លោក Rex Tillerson, និងរដ្ឋមន្រ្តីការពារជាតិ លោក James Mattis ជាដើម៕