(ហ្សាការតា)៖ មនុស្សស្លាប់បានកើនដល់ចំនួន ០៥នាក់ ខណៈ ១៣៧នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព នៅក្រោយករណីឆេះសាឡង់មួយគ្រឿង នៅលើផ្ទៃសមុទ្រក្បែរខេត្ត East Java ក្នុងតំបន់ភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
ប្រធានការិយាល័យរុករក និងជួយសង្រ្គោះឥណ្ឌូណេស៊ី ប្រចាំខេត្ត East Java លោក Muhammad Arifin បានឲ្យដឹងថា ជនរងគ្រោះទាំងនោះត្រូវបានជួយសង្រ្គោះ ដោយកប៉ាល់របស់ការិយាល័យ រួមជាមួយនិងកប៉ាលដឹកអ្នកដំណើរមួយគ្រឿងទៀត ឈ្មោះ Kartika។ លោក Arifin បានប្រាក់ទីភ្នាក់ងារព័ត៌មានស៊ិនហួរថា «សាកសពសរុបចំនួន ០៥នាក់ ត្រូវបាននាំយកមកកំពង់ផែហើយ ខណៈឥឡូវនេះពួកយើង កំពុងរៀបចំបញ្ជូនអ្នកដែលត្រូវបានជួយសង្រ្គោះទាំងអស់ ទៅកាន់កំពង់ផែសមុទ្រដូចគ្នា»។
គួរបញ្ជាក់ថា សាឡង់មួយគ្រឿងមានឈ្មោះថា Mutiara Sentosa មានផ្ទុកមនុស្សប្រមាណ ១៧៨នាក់ បានឆាបឆេះឡើងនៅលើផ្ទៃសមុទ្រក្បែរកោះ Masalembo នាយប់ថ្ងៃសុក្រម្សិលមិញនេះ ហើយខណៈពេលនេះប្រតិបត្តិការរុករក និងជួយសង្រ្គោះក៏នៅតែកំពុងបន្តប្រព្រឹត្តទៅដដែល សម្រាប់មនុស្សកំពុងបាត់ខ្លួនជិត ២០នាក់៕