(ប្រេស៊ីឡា)៖ ខណៈដែលបាតុកម្មទាមទារទម្លាក់ ប្រធានាធិបតីវេណេស៊ុយអេឡាចេញពីតំណែង បាននិងកំពុងអូសបន្លាយរាប់ខែមកហើយនោះ អតីតអគ្គរដ្ឋអាជ្ញាសហព័ន្ធដ៏មានឥទ្ធិពលរបស់ប្រេស៊ីល លោក Joaquim Barbosa បានអំពាវនាវឲ្យប្រជាជនប្រេស៊ីលទាំងអស់ ចេញមកធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទម្លាក់ លោក Michel Temer ចេញពីតំណែងប្រធានាធិបតី នៃប្រទេសអាមេរិកឡាទីនមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
ជុំវិញការដោះស្រាយវិបត្តិនយោបាយដ៏ខ្មៅងងឹត ចាប់តាំងពីលោកស្រី ឌីម៉ា រួសេហ្វ ត្រូវបានទម្លាក់ចេញពីតំណែងកាលពីឆ្នាំមុននេះ ការស៊ើបអង្កេតរកករណីពុករលួយនៅតែបន្តធ្វើឡើង ទៅលើស្ថាប័នកំពូលបំផុតរបស់រដ្ឋ ខណៈដែលពាក្យចោទប្រកាន់ជាច្រើន បានសំដៅមុខព្រួញទៅលើលោក Temer និងមន្ត្រីជំនិតៗ មួយចំនួនរបស់លោក ប៉ុន្តែប្រធានាធិបតីរូបនេះនៅតែបន្តបដិសេធ ចំពោះរាល់ការចោទប្រកាន់ទាំងអស់។
ដោយសារតែការមើលឃើញថា វិបត្តិនយោបាយនៅក្នុងប្រទេសប្រេស៊ីលកាន់តែជំពាក់មុខនោះ ទើបលោក Barbosa បានយល់ឃើញថា មានតែការចេញមកតាមដងផ្លូវ និងធ្វើការទាមទារខ្លាំងក្លាឲ្យ
លោក Temer ចុះចេញពីតំណែងជាបន្ទាន់ប៉ុណ្ណោះ ទើបអ្វីៗអាចដោះស្រាយបាន។ គួរបញ្ជាក់ថា លោក Barbosa គឺជាអគ្គរដ្ឋអាជ្ញាដំបូងបំផុតរបស់ប្រេស៊ីល ដែលមានដើមកំណើតអាហ្វ្រិក ហើយលោកគឺជាអ្នកដែលទទួលបានការគោរពស្រឡាញ់ខ្លាំង ពីសាធារណៈជនប្រេស៊ីលទូទៅ។
គួររំលឹកដែរថា កាលពីខែមេសាសារព័ត៌មានមួយចំនួនរបស់ប្រេស៊ីល បានធ្វើការចុះផ្សាយថា លោក Temer បានលួចលេបត្របាក់លុយ ១២លានដុល្លារអាមេរិក ពីក្រុមហ៊ុនសំណង់យក្សមួយឈ្មោញ Odebrecht របស់រដ្ឋ ដើម្បីទ្រទ្រង់យុទ្ធនាការបោះឆ្នោតរបស់ខ្លួន កាលពីអំឡុងពេលលោកធ្វើជាអនុប្រធានាធិបតី៕