(តេហរ៉ង់)៖ យោងតាមមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ ដោយផ្អែលលើលទ្ធផលឆ្នោតបឋមមិនទាន់ផ្លូវការ ប្រធានាធិបតីបច្ចុប្បន្ន លោក Hassan Rouhani កំពុងតែមានការនាំមុខនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់អាណត្តិថ្មី ហើយលោកត្រូវបានគេរំពឹងថា នឹងផ្តួលគួប្រកួតដ៏ស្វិតស្វាញម្នាក់ទៀតគឺ លោក Ebrahim Raisi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
ប្រភពមិនបញ្ចេញឈ្មោះខាងលើបានឲ្យដឹងថា «វាច្បាស់ហើយថា លោក Rouhani គឺជាអ្នកទទួលជ័យជម្នះ» ដោយលោកទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ២១.៦លានសំឡេង បើធៀបទៅនឹងត្រឹមតែ ១៤លានសំឡេង ប៉ុណ្ណោះសម្រាប់ លោក Raisi ជាមួយសន្លឹកឆ្នោតចំនួន ៣៧លានសន្លឹក ត្រូវបានរាប់រួចរាល់ ហើយនៅសល់សន្លឹកឆ្នោតប្រមាណ ០៤លានទៀតត្រូវបន្តឆ្លងកាត់ការរាប់។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនាឆ្នាំ២០១៧នេះ រួមមានបេក្ខភាពប្រធានាធិបតីចំនួនបួនរូប គឺប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដែលកំពុងឈរឈ្មោះ ដើម្បីបន្តកាន់អំណាចក្នុងអាណត្តិទីពីរ, លោក Seyyed Ebrahim Raeisi អតីតអនុប្រធានតុលាការ, សមាជិកក្រុមប្រឹក្សាប្រយោជន៍ នៃប្រទេសអ៊ីរ៉ង់ លោក Mostafa Aqa-Mirsalim, និងអតីតអនុប្រធានាធិបតី លោក Mostafa Hashemi-Taba។
យ៉ាងណាមិញ លោក Rouhani និងលោក Raisi ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលមានភាគរយឈ្នះច្រើនជាងគេបន្ទាប់ពីបេក្ខជនពីររូបផ្សេងទៀតគឺ អភិបាលក្រុងតេហេរ៉ង់ លោក Mohammad Baqer Qalibaf និងអនុប្រធានាធិបតី លោក Is'haq Jahangiri បានដកខ្លួនចេញពីការប្រកួតនៅអំឡុងប៉ុន្មានថ្ងៃចុងក្រោយ នៃការឃោសនារកសំឡេងឆ្នោត៕