(រ៉ង់ហ្គូន)៖ នាវាចម្បាំងមួយចំនួនរបស់ប្រទេសចិន បានមកដល់ប្រទេសមីយ៉ាន់ម៉ាហើយ ដើម្បីបំពេញដំណើរទស្សនកិច្ច និងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា លើការធ្វើទំនាក់ទំនង, ស្រាវជ្រាវ, និងជួយសង្គ្រោះ ជាមួយកងទ័ពជើងទឹកនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
នាវាចម្បាំងចិនបានមកដល់មីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលស្ថិតនៅក្នុងដំណើរទស្សនកិច្ច និងហ្វឹកហ្វឺនជំនាញជាមួយកងទ័ពជើងទឹកមីយ៉ាន់ម៉ា រយៈពេល០៤ថ្ងៃ។ អ្នកនាំពាក្យចិន លោក Wu Gian បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹង និងពង្រីងយុទ្ធសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅជាមួយមីយ៉ាន់ម៉ា ហើយវាជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន នៅក្នុងការធានាឲ្យបាននូវសន្តិភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងលើកស្ទួយទំនាក់ទំនងទ្វេភាគី រវាងប្រទេសជិតខាងទាំងពីរផងដែរ។
គួរបញ្ជាក់ថា ការហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកប្រទេសទាំងពីររួមគ្នានាពេលនេះ បានកើតមានឡើងបន្ទាប់ពីលោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានជួបពិភាក្សាជាមួយ លោកស្រី អោងសាន ស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា កាលពីដើមសប្តាហ៍នេះ ដែលចិនធ្វើជាម្ចាស់ផ្ទះនៃវេទិកាកំពូល ខ្សែក្រវាត់ និងផ្លូវ ដែលមេដឹកនាំបណ្តាប្រទេសជាមិត្តចិនលើពិភពលោក បានមកចូលរួមក្នុងទីក្រុងប៉េកាំង។ ប្រទេសចិនត្រូវបានគេដឹងថា មានភាពជិតស្និទ្ធខ្លាំងជាមួយអតីតរដ្ឋាភិលបាលយោធាមីយ៉ាន់ម៉ា៕