(សេអ៊ូល)៖ នៅថ្ងៃសៅរ៍នេះប្រទេសកូរ៉េខាងជើង បានធ្វើការប្តេជ្ញាយ៉ាងមុតមាំសាជាថ្មីម្តងទៀតថា នឹងបន្តបង្កើនក៏ដូចជាពង្រឹងអនុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន ឲ្យដល់កម្រិតកំពូល ស្របពេលដែលសហរដ្ឋអាមេរិកកំពុងដាក់សម្ពាធកាន់តែខ្លាំង មកលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ដោយសារការធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ប្រភេទថ្មីរបស់រដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
ក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងថា អាមេរិកកំពុងតែរៀបចំផែនការដើម្បីដាក់សម្ពាធ និងទណ្ឌកម្មបន្ថែមទៀតមកលើប្រទេសរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានធ្វើសេចក្តីរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនថា «ទីក្រុងវ៉ាស៊ីនតោនកាន់បង្កើនការដាក់សម្ពាធខ្លាំងដល់កម្រិតណា យើងនឹងបន្តបង្កើនកិច្ចប្រឹងប្រែងកាន់តែខ្លាំងដូចគ្នា ដើម្បីអភិវឌ្ឍន៍ឥទ្ធិពលនុយក្លេអ៊ែររបស់យើង ឲ្យដល់កម្រិតកំពូល»។
គួរបញ្ជាក់ថា ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងរបស់ខ្លួនជាដាច់ខាត ទោះបីជាប្រមុខការទូតអាមេរិកបានធ្វើការធានាអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនមានបំណងផ្លាស់ប្តូររបប នៅក្នុងប្រទេសកូរ៉េខាងជើងនោះឡើយ៕