(កៀវ)៖ ក្រុមហ៊ុនចំនួន០២របស់ប្រទេសចិន និងរដ្ឋាភិបាលទីក្រុងកៀវ របស់អ៊ុយក្រែនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវក្រោមដីទីបួន នៅក្នុងរដ្ឋធានីកៀវ នៃប្រទេសអ៊ុយក្រែននេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ចុះផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្រុមហ៊ុន China Railway International Group និងក្រុមហ៊ុន China Pacific Construction Group នឹងទទួលខុសត្រូវក្នុងការរៀបចំ និងសាងសង់នូវគម្រោងមួយនេះ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរថា ក្រុមហ៊ុនទាំងពីររបស់ចិននេះ នឹងជួយដល់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការស្វែងរកថវិកា សម្រាប់គម្រោងមួយនេះ ពីស្ថាប័នហិរញ្ញវត្ថុរបស់ចិន។ រដ្ឋបាលទីក្រុងកៀវ បានប៉ាន់ស្មាន់ថា គម្រោងក្នុងការសាងសង់ផ្លូវក្រោមដី ប្រវែង១៦គីឡូម៉ែត្រនេះ នឹងត្រូវចំណាយថវិកាប្រមាណ ១.៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋធានីកៀវ របស់អ៊ុយក្រែន មានផ្លូវក្រោមដីចំនួន០៣ខ្សែ ជាមួយនឹងប្រវែងសរុប ៦៧.៦គីឡូម៉ែត្រ៕