(ញូយ៉ក)៖ ឯកអគ្គរដ្ឋទូតរងរបស់ប្រទេសកូរ៉េខាងជើង ប្រចាំ UN នៅថ្ងៃសុក្រសប្តាហ៍នេះ បានបដិសេធចោលការសង្ស័យ ក៏ដូចជាចោទប្រកាន់ដែលថា ទីក្រុងព្យុងយ៉ាងជាអ្នកនៅពីក្រោយខ្នង ឬក៏មានជាប់ពាក់ព័ន្ធជាមួយការវាយប្រហារ ដោយកម្មវិធីជម្រិតទារប្រាក់ តាមប្រព័ន្ធព័ត៌មានវិទ្យា Ransomware ទ្រង់ទ្រាយធំ នៅទូទាំងពិភពលោក ហើយកូរ៉េខាងជើងបានចោទសហរដ្ឋអាមេរិកវិញថា តែងតែបានទម្លាក់កំហុសមកលើរបបដឹកនាំរបស់ខ្លួន នៅរាល់ពេលដែលមានរឿងអ្វីអាក្រក់កើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
លោក Kim In-ryong បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ទាក់ទិននឹងការវាយលុកតាមប្រព័ន្ធព័ត៌មានវិទ្យា នាពេលថ្មីៗនេះ ដែលបានតភ្ជាប់មកកាន់ប្រទេសកូរ៉េខាងជើង គឺជារឿងគួរឲ្យអស់សំណើចជាទីបំផុត និងមិនសមហេតុសមផលឡើយ។ នៅពេលដែលមានរឿងអ្វីមិនល្អកើតឡើង វាគឺជាផ្នត់គំនិតមួយទៅហើយរបស់សហរដ្ឋអាមេរិក និងបច្ចាមិត្តទាំងឡាយ ក្នុងការចាប់ផ្តើមយុទ្ធនាការប្រឆាំងរបបដឹកនាំទីក្រុងព្យុងយ៉ាង ដោយទម្លាក់កំហុសដោយចេតនាមកលើកូរ៉េខាងជើង»។
គួរបញ្ជាក់ថា នាដើមសប្តាហ៍នេះមានសេចក្តីរាយការណ៍ថា អ្នកជំនាញផ្នែកព័ត៌មានវិទ្យាជាច្រើន បានជឿជាក់ថា ក្រុម Hacker មានសម្ព័ន្ធភាពជាមួយកូរ៉េខាងជើង ទំនងជាបានដឹកនាំការវាយប្រហារព័ត៌មានវិទ្យា ដែលមិនធ្លាប់មានពីមុនមកតាមរយៈការប្រើ ប្រាស់កម្មវិធីមេរោគ WannaCry ransomware ដែលបានវាយប្រហារលើកុំព្យូទ័រជាង ៣០០,០០០គ្រឿងនៅក្នុងប្រទេសចំនួន១៥០៕