កូរ៉េខាងជើង «ចេញមុខរិះគន់នយោបាយ លោក មូន» ដោយអះអាងថា ជារឿងមិនអាចទៅរួច ក្នុងការបោះចោលនុយក្លេអ៊ែរ ហើយមកអង្គុយតុចរចាគ្នា!
20-05-2017 10:26
(សេអ៊ូល)៖ នយោបាយមុខពីររបស់លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលចង់ឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ-មីស៊ីល ហើយមកអង្គុយតុពិភាក្សា-ចរចាគ្នានោះ ត្រូវបានទីក្រុងព្យុងយ៉ាងរិះគន់ត្រឡប់មកវិញថា ជារឿងដែលមិនអាចទៅរួច និងមិនស៊ីសង្វាក់គ្នានោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
រដ្ឋាភិបាលកូរ៉េខាងជើង បានព្រលយអត្ថន័យស្នូលរបស់ខ្លួន តាមបណ្តាញផ្សព្វផ្សាយរដ្ឋយ៉ាងដូច្នេះថា «ការប្រឈមមុខដាក់គ្នាផង និងអង្គុយតុចរចាគ្នាផងស្របគ្នាបែបនេះ មិនមែនជារឿងដែលអាចធ្វើទៅរួចនោះឡើយ។ វាជាការបង្ហាញច្បាស់ណាស់ថា កូរ៉េទាំងពីរមិនអាចសម្រេចបាននូវការផ្សះផ្សាជាតិ និងកែលម្អទំនាក់ទំនងអន្តរកូរ៉េបាននោះឡើយ ខណៈដែលការញុះញង់ឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការប្រឈមមុខដាក់គ្នា នៅតែបន្តកើតមានឡើងនោះ»។
គួរបញ្ជាក់ថា លោក មូន ជេអ៊ីន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នៅពាក់កណ្តាលសប្តាហ៍នេះបានថ្លែងស្រដៀងគ្នាថា កិច្ចចរចាសន្តិភាព និងការធានាបាននូវសន្តិសុខជូនកូរ៉េខាងជើង និងលោក គីម ជុងអ៊ុន ពិតជាអាចធ្វើទៅបាន ប៉ុន្តែសម្ព័ន្ធមិត្តទាំងពីរបានទាមទារឲ្យកូរ៉េខាងជើង ព្រមលះបង់ចោលអាវុធប្រល័យលោក (នុយក្លេអ៊ែរ) ជាមុនសិន ទើបអាចសម្រេចកិច្ចការទាំងនោះបាន។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់គ្នាពិតជាដឹងក្នុងចិត្តហើយថា ការចង់ឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធ ដែលខ្លួនកំពុងប្រើដើម្បីការពារអាយុជីវិតខ្លួនឯងនោះ ពិតជាក្តីសង្ឃឹមនៅក្នុងខ្យល់ហើយ៕