(វ៉ាស៊ីនតោន)៖ មន្រ្តីរដ្ឋាភិបាលរុស្ស៊ីបាននិយាយអួត នៅក្នុងកិច្ចសន្ទនាមួយចំនួនកាលពីអំឡុងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក ពួកគេបានបង្កើតទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយអតីតទីប្រឹក្សាសន្តិសុខជាតិរបស់ លោក Donald Trump គឺលោក Michael Flynn និងជឿជាក់ថា ពួកគេអាចប្រើប្រាស់លោក Flynn ដើម្បីជះឥទ្ធិពលដល់ លោក Trump និងរដ្ឋបាលរបស់លោក។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានរបស់ CNN កិច្ចសន្ទនាគ្នាដែលមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកទទួលបាន បានបង្ហាញថា រុស្ស៊ីចាត់ទុក លោក Michael Flynn ជាសម្ព័ន្ធមិត្តម្នាក់ ហើយទំនាក់ទំនងរវាងលោក Flynn និងរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបន្តវិវឌ្ឍន៍រហូតក្នុងឆ្នាំ២០១៦ នៅប៉ុន្មានខែមុនរូបលោកត្រូវគេស្ទាក់ចាប់ ការនិយាយទូរស័ព្ទបាន កាលពីខែធ្នូឆ្នាំ២០១៦ដដែលនៅពេល លោក Flynn កំពុងជជែកគ្នាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវ៉ាស៊ីនតោន លោក Sergey Kislyak។ ហើយក្រោយមកកិច្ចសន្ទនាតាមទូរស័ព្ទនេះ ទីបំផុតក៏ឈានដល់ការបញ្ឈប់ពីការងាររបស់លោក ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិដំបូងគេ របស់លោក Donald Trump តែម្តង។
គួរបញ្ជាក់ថា យ៉ាងណាមិញប្រភពដដែលបានព្រមានឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាមួយ នោះគឺ រុស្ស៊ីប្រហែលជាបាននិយាយបំផ្លើសអំពី ឥទ្ធិពលរបស់ពួកគេជាមួយក្រុមមន្រ្តីរបស់ លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងកិច្ចសន្ទនាទាំងនោះ។ ជុំវិញរឿងនេះមេធាវីរបស់ លោក Michael Flynn ក៏បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយផងដែរ។ បច្ចុប្បន្ននេះ រឿងរ៉ាវដែលធំបំផុតចំពោះមុខ លោក ដូណាល់ ត្រាំ គឺការស៊ើបអង្កេតរកការជាប់ពាក់ព័ន្ធរបស់រុស្ស៊ី ទៅនឹងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦៕