(អាមេរិក)៖ អតីតនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI របស់អាមេរិក លោក James Comey បានព្រមព្រៀងក្នុងការឡើងធ្វើការបកស្រាយ ដោយបើកចំហរនៅចំពោះមុខ គណកម្មាធិការស៊ើបអង្កេតរបស់ព្រឹទ្ធសភា ដើម្បីឆ្លើយតបនូវរាល់សំនួរទាំងអស់ ជុំវិញការស៊ើបអង្កេតទំនាក់ទំនងរវាងក្រុមយុទ្ធនាការបោះឆ្នោត លោក ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Independent នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។
លោក Comey ត្រូវបានលោក ដូណាល់ ត្រាំ ទម្លាក់ពីតំណែងកាលពីសប្តាហ៍មុននេះ ដែលវាជាចំណាត់ការមួយដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នាំឲ្យមានការចោទប្រកាន់ប្រធានាធិបតីអាមេរិករូបនេះថា បាននិងកំពុងព្យាយាម ធ្វើឲ្យរាំងស្ទះដល់ការស៊ើបអង្កេតរបស់ FBI ទៅលើរឿងអាស្រូវដែលកាន់តែរីកធំថា ទីក្រុងម៉ូស្គូបានលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក ដែលបានជួយឲ្យ លោក ដូណាល់ ត្រាំ ឈ្នះឆ្នោតកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ គណកម្មាធិការខាងលើរបស់ព្រឹទ្ធសភា បានអំពាវនាវឲ្យលោក Comey ចូលរួមធ្វើការបកស្រាយ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាទាំងបើកចំហរ និងបិទទ្វារ។ ពីរថ្ងៃបន្ទាប់ពីការស្នើសុំនោះ លោក ត្រាំ បានឡើងយន្តហោះពិសេសទៅកាន់ អារ៉ាប៊ី សាអូឌីត ជាប្រទេសលោកបំពេញទស្សនៈកិច្ច នៅបរទេសលើកដំបូងក្នុងអាណត្តិ ទើបលោក Comey ប្រកាសថា លោកយល់ព្រមចូលខ្លួនបកស្រាយ និងឆ្លើយនូវរាល់សំនួរទាំងអស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ៕