(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមានការបែកធ្លាយនូវព័ត៌មានរបស់ Washington Post និង New York Time កាលពីពេលថ្មីៗកន្លងទៅនេះថា លោក ដូណាល់ត្រាំ បានផ្តល់នូវពាក្យសម្ងាត់របស់សហរដ្ឋអាមេរិក ដល់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក Sergey Lavrov កាលពីសប្តាហ៍មុន ទៅកាន់សេតវិមាន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ។
បន្ទាប់ពីក្រុង វ៉ាស៊ីនតោន មានការភ្ញាក់ផ្អើលទៅលើបញ្ហានេះ មេដឹកនាំប្រចាំតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ព្រមទាំងតំបន់ផ្សេងទៀតជុំវិញពិភពលោក ចាប់ផ្តើមវាយតម្លៃជាថ្មីអំពីទំនុកចិត្ត ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
អតីតមន្ត្រីពីររូបបានធ្វើការទទួលស្គាល់ចំពោះរឿងនេះ ថាវាជារឿងពិត។ ប្រសិនបើវាពិតដូចអ្វីដែលពួកគេបានលើកឡើងមែននោះ មានន័យថាលោកត្រាំ មិនត្រឹមតែបំពានច្បាប់នៃសហគមន៍ស៊ើបការណ៍ប៉ុណ្ណោះទេ លោកថែមទាំងបានយកអាយុជីវិតរបស់ប្រទេសជាសមាជិកក្រុមស៊ើបការណ៍ នេះទៅទម្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ។
រឿងនេះជារឿងដ៏រន្ធត់ជាទីបំផុត ព្រោះកុំភ្លេចថា លោក ត្រាំ មិនត្រឹមតែបង្ហាញព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងសម្ងាត់របស់ដៃ គូប្រាំប្រទេសផ្សេងទៀតផងដែរ ដែលក្នុងនោះរួមមានប្រទេស អូស្ត្រាលី កាណាដា ញ៉ូវហ្សេឡែន និងចក្រភពអង់គ្លេស ដែលមិនអាចផ្តល់ទំនុកចិត្ត សម្រាប់លោកតទៅទៀតបានឡើយ៕