(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃសុក្រនេះបានថ្លែងថាសមភាគីចិនលោក ស៊ី ជិនពីង ធ្លាប់បានព្រមានលោកថា សង្រ្គាមនឹងផ្ទុះឡើងប្រសិនបើទីក្រុងម៉ានីល ហ៊ានព្យាយាមអនុវត្តន៍តាមសាលដីកាតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ទីក្រុងឡាអេ ហើយខួបបូមយកប្រេងនៅក្នុងផ្នែកជាប់ពាក់ព័ន្ធបញ្ហាវិវាទ នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងការធ្វើអត្ថធិប្បាយខាងលើដែលអាចធ្វើឲ្យចិនរង្គាសចិត្តនេះ លោក ឌូតឺតេ បានវាយបកលើក្រុមអ្នករិះគន់ក្នុងស្រុកទាំងឡាយ ដែលបាននិយាយថារូបលោកដូចជាចាញ់ប្រៀបទីក្រុងប៉េកាំងពេកហើយ តាមរយៈការបដិសេធមិនជំរុញក៏ដូចជា បង្ខំឲ្យចិនគោរពតាមការកាត់សេចក្តីរបស់តុលាការទីក្រុងឡាអេ កាលពីឆ្នាំមុន ដែលសម្រេចឲ្យភាគីហ្វីលីពីនជាអ្នកឈ្នះ ជុំវិញបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងថា លោកបានធ្វើការជជែកពិភាក្សាជាមួយលោក ស៊ី ជិនពីង នៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយទទួលបានការព្រមានយ៉ាងម៉ឹងម៉ាត់មួយ ក៏ប៉ុន្តែក្នុងនាមជាមិត្ត។ លោក ឌូតឺតេ បាននិយាយរំលឹកការសន្ទនារវាងលោកនិងលោក ស៊ី ថា «យើងមានបំណងចង់ខួបយកប្រេង នៅទីនោះ... ហើយបើសិនជាវាជារបស់អ្នក នោះគឺជាការយល់ឃើញរបស់អ្នក ក៏ប៉ុន្តែបើតាមគំនិតខ្ញុំ គឺខ្ញុំអាចខួបបូមយកប្រេងបាន ប្រសិនបើពិតជាវត្តមានធនធានធម្មជាតិនេះ នៅក្រោមបាតសមុទ្រមែននោះ ពីព្រោះវាគឺជារបស់យើង»។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបន្តថា «ចំណែកឯចម្លើយរបស់លោក ស៊ី តបមកកាន់រូបខ្ញុំវិញនោះគឺ ពួកយើងគឺជាមិត្តនឹងគ្នា យើងមិនចង់ឈ្លោះទាស់ទែងជាមួយអ្នកឡើយ យើងចង់ថែរក្សាវត្តមាននៃទំនាក់ទំនងដ៏កក់ក្តៅរវាងគ្នានិងគ្នា តែបើអ្នកដាក់ចិត្តបង្ខំលើបញ្ហានេះ យើងនឹងត្រូវធ្វើសង្រ្គាមជាក់ជាពុំខាន»។
សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៦ តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ទីក្រុងឡាអេ បានសម្រេចផ្តល់សិទ្ធិអធិបតេយ្យភាពទៅឲ្យទីក្រុងម៉ានីលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលប្រវែងប្រមាណជាង៣០០គីឡូម៉ែត្ររបស់ហ្វីលីពីន ដើម្បីធ្វើការខួបបូមយកប្រេងនិងឧស្ម័នធម្មជាតិផ្សេងទៀតនៅទីនោះ ដោយរួមបញ្ចូលទាំងតំបន់ Reed Bank ដែលស្ថិតនៅចម្ងាតជិត១៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសហ្វីលីពីនផងដែរ៕