(វ៉ាស៊ីនតោន)៖ យោងតាមលទ្ធផលនៃការស្ទង់មតិ ដែលត្រូវបានចេញផ្សាយ នាថ្ងៃសុក្រនេះ កម្រិតប្រជាប្រិយភាពសម្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តធ្លាក់ចុះសាជាថ្មីម្តងទៀត នៅក្នុងរយៈពេលមិនដល់បីសប្តាហ៍នោះលើយ ដោយសារតែមនុស្សភាគច្រើន កំពុងមានមន្ទិលសង្ស័យចំពោះសមត្ថភាពដឹកនាំរបស់លោក ក៏ដូចជានៅចំពោះមុខសំណុំរឿងសង្ស័យជុំវិញទំនាក់ទំនងរវាងរដ្ឋបាលរបស់លោក ត្រាំ និងប្រទេសរុស្ស៊ី កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
លទ្ធផលរបស់គេហទំព័រស្ទាបស្ទង់មតិ Morning Consult/Politico បានបង្ហាញថាអ្នកចូលរួមដល់ទៅ៥០ភាគរយ យល់ថាលោក ដូណាល់ ត្រាំ មិនអាចបន្តដឹកនាំប្រទេសទៀតបាននោះឡើយ ខណៈ៤១ភាគរយផ្សេងទៀត គិតថារូបលោកនៅតែមានសមត្ថភាព។ Morning Consult/Politico បានឲ្យដឹងទៀតថា វាគឺជាលើកទីបីហើយ ដែលកម្រិតប្រជាប្រិយភាព របស់លោកប្រធានាធិបតីអាមេរិក បានធ្លាក់ចុះនៅក្នុងខែនេះ បន្ទាប់ពីទទួលបានកម្រិតគាំទ្រ៤៤ភាគរយ កាលពីថ្ងៃទី០៤ ខែឧសភា និង៤២ភាគរយ កាលពីថ្ងៃទី១២ ខែឧសភា។
យោងតាមការស្ទង់មតិខាងលើដដែល លើសពីនេះ អ្នកចូលរួម៥៤ភាគរយ អះអាងថាថាលោក ដូណាល់ ត្រាំ ខ្វះខាតការថ្លឹងថ្លែងវិនិឆ្ឆ័យ ដើម្បីធ្វើជាមេដឹកនាំ តែ៣៤ភាគរយមិនយល់ស្របដូច្នោះនោះទេ។ យ៉ាងណាមិញលទ្ធផលនាថ្ងៃសុក្រនេះ បានរកឃើញបន្ថែមទៀតថា អ្នកចូលរួមការស្ទង់មតិចំនួន៧៧ភាគរយ ចាត់ទុកលោក ត្រាំ ជាមនុស្សក្រអឺតក្រទមម្នាក់ ស្របពេលដែល១៧ភាគរយមានទស្សនៈផ្ទុយពីនេះ។
គួរបញ្ជាក់ថា សំណុំរឿងដែលគេសង្ស័យថារដ្ឋបាលលោក ដូណាល់ ត្រាំ លួចមានទំនាក់ទំនងជាសម្ងាត់ជាមួយរដ្ឋាភិបាលរុស្ស៊ី កាលពីអំឡុងពេលការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦នោះ បាននិងកំពុងតែរង្គោះរង្គើលបង្កជាសម្ពាធយ៉ាងខ្លាំងដល់ប្រធានាធិបតីអាមេរិករូបនេះ ហើយក្នុងសប្តាហ៍នេះរដ្ឋអាជ្ញាពិសេសមួយ ក៏ត្រូវបានបង្កើតឡើង ដោយក្រសួងយុត្តិធម៌អាមេរិកបានប្រគល់ឲ្យលោក Robert Mueller អតីតនាយក FBI (២០០១-២០១៣) ជាប្រធាន ដើម្បីបន្តការស៊ើបអង្កេតជុំវិញសំណុំរឿងដ៏ចម្រូងចម្រាសនេះ៕