(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់ថ្មី ចាប់ផ្តើមហើយនាព្រឹកថ្ងៃសុក្រនេះ ខណៈប្រធានាធិបតីបច្ចុប្បន្នអាចនឹងឈ្នះនាអាណត្តិទីពីរ។
២៖ អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ ប្រកាសនឹងមិនចូលខ្លួនផ្តល់ឯកសារតាមដីការកោះហៅរបស់ព្រឹទ្ធសភាអាមេរិកឡើយ។
៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ចេញមុខធានាការពារសន្តិសុខលោក គីម ជុងអ៊ុន ហើយថាមិនឈ្លានពាន របបដឹកនាំកូរ៉េខាងជើងឡើយ តែកូរ៉េខាងជើងត្រូវព្រមបោះចោលអាវុធនុយក្លេអ៊ែរ។
៤៖ ប្រទេសចិននិងបណ្តាប្រជាជាតិអាស៊ីគ្នេយ៍ ព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌមួយ សម្រាប់ក្រមប្រតិបត្តិ (COC) ក្នុងដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះ។
៥៖ ទីបំផុតគណៈរដ្ឋមន្ត្រីជប៉ុន អនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យព្រះចៅអធិរាជជប៉ុន Akihito ដាក់រាជ្យជាផ្លូវការពីរាជបល្ល័ង្ក Chrysanthemum ដែលជារឿងមិនធ្លាប់កើតមានក្នុងខ្សែរាជវង្សជប៉ុនអស់ ២សតវត្សរ៍មកហើយ។
៦៖ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណៈរដ្ឋមួយចំនួន កំពុងចាប់ផ្ដើមដកខ្លួនចេញឱ្យឆ្ងាយពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ផុងក្នុងរឿងអាស្រូវ ចែករំលែកព័ត៌មានសម្ងាត់ជាតិជាមួយរុស្សី ក៏ដូចជាការលូកដៃស្នើសុំឱ្យនាយក FBI បញ្ឈប់ការស៊ើបអង្កេតលើ ទំនាក់ទំនងរវាងអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn និងទីក្រុងម៉ូស្គូ។
៧៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសឈប់ទទួលជំនួយពីសហភាពអឺរ៉ុប ខណៈសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល ចេញមុខព្រមានភ្លាម៕