(ស៊ុយអែត)៖ រដ្ឋអាជ្ញាស៊ុយអែត នៅថ្ងៃសុក្រនេះបានប្រកាសថា ពួកគេបានសម្រេចចិត្តលុបចោលពាក្យបណ្ដឹង ក៏ដូចជាការស៊ើបអង្កេតលើស្ថាបនិក គេហទំព័រពេញនិយមខាងចុះផ្សាយរឿងសម្ងាត់ Wikileaks លោក Julian Assange ពីបទរំលោភសេពសន្ថវៈ ហើយសូម្បីតែដីកាតាមចាប់ខ្លួនអស់រយៈពេលជិត ០៧ឆ្នាំមកនេះ ក៏ត្រូវបានលុបចោលផងដែរ។ ព្រមពេលជាមួយគ្នាប៉ូលិសអង់គ្លេសថា នឹងចាប់ខ្លួនលោក បើសិនជាហ៊ានចេញពីស្ថានទូតអេក្វាឌ័រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
ការសម្រេចចិត្តបែបនេះរបស់ក្រុមរដ្ឋអាជ្ញាស៊ុយអែត ធ្វើឡើងបន្ទាប់ពីតុលាការ ទីក្រុង Stockholm ពិនិត្យលើសំណើរបស់មេធាវីការពារក្តី លោក Julian Assange ដែលស្នើឱ្យលុបចោលដីកាតាមចាប់ខ្លួនកូនក្ដីរបស់ខ្លួន។ លោក Julian Assange បាននិងកំពុងរស់នៅនិរទេសខ្លួននៅក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៏ចាប់តាំងពីឆ្នាំ២០១២ មកម្លេះ ដើម្បីជៀសវាងការធ្វើបត្យាប័ន ទៅកាន់ទីក្រុងវ៉ាស៊ីនតាន ដោយសារតែលោក បានទម្លាយឯកសារសម្ងាត់យោធា និងការទូតជាច្រើនរបស់សហរដ្ឋអាមេរិក។
ដោយឡែកជុំវិញបទចោទប្រកាន់រឿងរំលោភសេពសន្ថវៈ លោក Assange បានបដិសេធជាច្រើនដង ខណៈក្រុមអ្នកជំនាញមួយចំនួនយល់ថា វាគ្រាន់តែជាលែសដែលគេប្រើ ដើម្បីដាក់ទោសទណ្ឌ សំដៅបើកផ្លូវដល់ការធ្វើបត្យាប័នរូលោក ទៅកាន់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕